ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពិនិត្យការងាររយៈពេលមួយឆ្នាំ

ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពិនិត្យការងាររយៈពេលមួយឆ្នាំ ដើម្បីរកចំណុចកែលំអរ និងជំរុញប្រសិទ្ធភាពការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សម្រាប់អនុវត្តបន្ត។

កិច្ចប្រជុំនៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់នូវទស្សនវិស័យ ក៏ដូចជាចក្ខុវិស័យមួយចំនួនសម្រាប់ការអនុវត្តន៍ការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ កិច្ចប្រជុំ ក៏នឹងផ្តល់ឱកាសឱ្យសមាជិកទាំងអស់ចូលរួមជាយោបល់ស្ថាបនា និងសំណូមពរផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោត ជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោតកាលពីឆ្នាំ២០១៨។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។

ក្រោយពេលបង្កើតឡើងហើយនោះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាក់ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលរួមមានការពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តី ព្រាងច្បាប់នានាមុនដាក់ឲ្យរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានកោះអញ្ជើញថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា មកសាកសួរលើបញ្ហាមិនប្រក្រតីមួយចំនួន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នទាំងនោះផងដែរ។

ក្រៅពីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានចុះធ្វើសកម្មភាពយ៉ាងសកម្ម ដោយបានប្រមូលយកធាតុចូលជាច្រើនជូនរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងបញ្ហាដទៃទៀតកើតមាននៅក្នុងសង្គម។

ក្នុងរយៈពេលមួយឆ្នាំនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានចុះបំពេញបេសកកម្មចំនួន ២០០លើក និងបានធ្វើរបាយការណ៍ ជូនសម្តេចតេជោ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយ។ កិច្ចប្រជុំនេះក៏នឹងមានការផ្សាយផ្ទាល់ពីបណ្ដាញសារព័ត៌មានមួយចំនួនផងដែរ។ ជាមួយនេះក្រោយកិច្ចប្រជុំចប់ក៏នឹងមានការរៀបចំពិសារអាហាររួមគ្នារវាងសម្តេចតេជោ ហ៊ុន សែន និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់៕
អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds