កង់បីឥណ្ឌា ត្រូវរថយន្តមិនចាំម៉ាកបើកបុកក្រឡាប់បះជើង បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង២នាក់របួស
កំពង់ស្ពឺ៖ ម៉ុតូកង់បីឥណ្ឌាមួយគ្រឿង ត្រូវរថយន្តមិនចាំម៉ាកបើកបុកពេញទំហឹង បណ្តាលឲ្យមនុស្សនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៣០នាទីព្រឹក ស្ថិតលើផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ត្រង់ចំណុចភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកឧដុង្គ
ប្រភពបានឲ្យដឹងថា មានរថយន្ត ១គ្រឿងប្រភេទ តូរីស ពណ៌ស្លែ មិនស្គាល់ស្លាកលេខ អ្នកបើកបរមិនស្គាល់ឈ្មោះ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះទៅដល់ចំណុចខាងលើ បានបើកទៅបុក ម៉ូតូផាសអែប ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HM-5047 បើកបរដោយឈ្មោះ សាន សំអាត ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល និងអ្នករួមដំណើរ ២នាក់៖១/ឈ្មោះ អ៊ុយ ពយ ភេទស្រី អាយុ ៦៥ឆ្នាំ ២/ឈ្មោះ អ៊ុយ ស្រស់ ភេទស្រី អាយុ ៤៥ឆ្នាំអ្នកទាំង ២នាក់ រស់នៅភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របទិសគ្នា បុកចំពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HM-5047 នោះខ្ទៀតទៅបុកជាមួយម៉ូតូ ១គ្រឿងម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1G-9392 បើកបរដោយឈ្មោះ នូ យុំ ភេទប្រុសអាយុ ៦០ឆ្នាំ និង អ្នករួមដំណើរម្នាក់ ភេទប្រុស មិនទាន់ស្គាល់ឈ្មោះអ្នកទាំង ២នាក់ រស់នៅភូមិក្រាំងខ្វាវ ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសទិសគ្នា បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារដូចខាងក្រោម៖
-ស្លាប់មនុស្ស ២នាក់ នៅនឹងកន្លែងកើតហេតុ ស្រី ១នាក់
-ស្លាប់មនុស្ស ១នាក់ នៅមន្ទីពេទ្យ ប្រុស
-របួសស្រាលមនុស្ស ២នាក់ ស្រី ១នាក់
-ខូចខាតធ្ងន់ ម៉ូតូ ១គ្រឿង និងម៉ូតូ ផាសអែប ១គ្រឿង
រថយន្តបង្ក ក្រោយពេលកើតហេតុបានបើកបររត់គេចខ្លួនបាត់វត្ថុតាង ម៉ូតូផាសអែប និងម៉ូតូ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។