រដ្ឋមន្ត្រីក្រសួងពានិជ្ចកម្ម៖ ការនាំចេញស្រូវអង្ករ ភាគច្រើនរបស់កម្ពុជា គឺមានលក្ខណៈស្រូវសើម

ថ្លែងក្នុងជំនួបជាមួយប្រធានក្រុមហ៊ុនប៊ូល័រ លោកCalvin Grieder និងនាយកប្រតិបត្តិ លោកStefan Scheiber ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពានិជ្ចកម្ម លើកឡើងថា ចំពោះវិស័យនាំចេញស្រូវអង្ករ ការនាំចេញភាគច្រើនរបស់កម្ពុជា គឺមានលក្ខណៈជាស្រូវសើម ដែលបានលក់ទៅកាន់ប្រទេសជិតខាងក្រោយប្រមូលផលភ្លាមៗ ដោយកម្ពុជាមិនមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ក្នុងការសម្ងួតស្រូវ និងរក្សាទុកស្រូវក្នុងរយៈពេលវែង។

ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បែបនេះក្នុងឳកាសដែលបានអញ្ជើញចូលរួមកម្មវិធីទំនាក់ទំនងបណ្ដាញ (Networking Days 2019) របស់ក្រុមហ៊ុនប៊ូល័រ (Buhler) ដែលជាអ្នកផ្គត់ផ្គង់ឧបករណ៍សម្ងួត និងឃ្លាំងរក្សាទុកស្រូវអង្ករ ក្រោមការអនុវត្តគម្រោង «ជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនៅកម្ពុជា» នៅទីក្រុងអ៊ូស្វីល ប្រទេសស្វីស។

លោកថា ការកសាងឡសម្ងួត និងឃ្លាំងរក្សាទុកស្រូវអង្ករ នឹងបង្កភាពងាយស្រួលសម្រាប់ក្រុមហ៊ុននាំចេញស្រូវអង្ករ ធ្វើការប្រមូលទិញស្រូវពីកសិករកាន់តែច្រើន ដើម្បីរក្សាទុកនឹងធ្វើការកិនជាអង្ករសម្រាប់នាំចេញ ក្នុងពេលមួយសមស្រប និងតម្លៃក្នុងទីផ្សារខ្ពស់ ក៏ដូចជាដោះស្រាយមួយកម្រិតនៃរបាំងបច្ចេកទេសមួយចំនួន ដែលរារាំងដល់ការនាំចេញដោយកម្ពុជា ទៅកាន់ទីផ្សារបរទេស។ ការបង្កើតឡើងនូវឡសម្ងួត និងឃ្លាំងរក្សាទុកស្រូវ នឹងជួយពង្រឹងស្ថិរភាពតម្លៃកសិផលក្នុងស្រុក និងទប់ស្កាត់ការហូរចេញស្រូវទៅកាន់ប្រទេសជិតខាង ព្រមទាំងជួយលើកកម្ពស់ជីវភាពប្រជាកសិករ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។

ជាកិច្ចឆ្លើយតប លោក ខាលវីន ហ្គ្រីដ័រ បញ្ជាក់ថា ក្រុមហ៊ុនប៊ូល័រ មិនត្រឹមតែមានឧបករណ៍សម្រាប់សម្ងួតស្រូវ ឬកសិផលដទៃទៀតនោះទេ ក្រុមហ៊ុនក៏មានឧបករណ៍ច្រើនប្រភេទសម្រាប់កិន និងកែច្នៃកសិផល ទៅជាផលិតផលសម្រេច ដូចជា ម្ហូបអាហារ និងចំណីសត្វ និងឧបករណ៍វិភាគសុវត្ថិភាពចំណីអាហារ ជាដើម។

សូមជម្រាបថា ក្រោមគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនៅកម្ពុជា ក្រុមហ៊ុនប៊ូល័រ នឹងសាងសង់ ឡសម្ងួត និងឃ្លាំងរក្សាទុកស្រូវចំនួនសាងសង់ឡសម្ងួតទំនើបចំនួន ១០ទីតាំង នៅក្នុងខេត្តគោលដៅចំនួន ១០ ដែលអាចស្តុកទិន្នផលស្រូវប្រមាណ ១លានតោន និងអាចសម្ងួតស្រូវ ១៣ពាន់តោន ក្នុងមួយថ្ងៃ សម្រាប់កែច្នៃជាផលិតផលចំណីអាហារ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕

ដោយ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds