បុរសកម្មកររោងចក្រម្នាក់ចង់លោតពីលើដំបូលអគារ ព្រោះតែឈ្លោះគ្នាជាមួយមិត្តស្រីដែលទើបស្គាល់គ្នាបាន៣ខែ
ថៃ៖ ថ្មីៗនេះ ផ្ទុះរឿងភ្ញាក់ផ្អើលមួយពេញបណ្តាញសង្គមថៃ ក្រោយបុរសកម្មកររោងចក្រម្នាក់ប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯង ក្រោយពេលដែលរឿងទាស់ទែងជាមួយមិត្តស្រីខ្លួន។ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹកមិញនេះ បុរសម្នាក់ឈ្មោះថា បណ្ឌិត ដែលហៅក្រៅថា ណត អាយុ២៩ឆ្នាំ មានអាជីពជាកម្មកររោងចក្រនំដំឡូងចៀន បានឡើងទៅលើដំបូលរោងចក្ររបស់ខ្លួនដែលមានកម្ពស់ប្រមាណជិត២០ម៉ែត្រ ដែលមានទីតាំងនៅឯស្រុកមឿង ខេត្តសមុទ្រសាគរ ប្រទេសថៃ។ មូលហេតុដែលបុរសនេះធ្វើបែបនេះនោះគឺរូបគេ និងមិត្តស្រីដែលទើបស្គាល់គ្នារយៈពេល៣ខែមានទំនាស់ទាស់ទែង ហើយមិត្តស្រីខ្លួនបានចាកចេញទៅស្រុកកំណើតខ្លួនពុំអាចទាក់ទងបាន បណ្តាលឲ្យកើតក្តីតូចចិត្តចង់គិតខ្លី។
ក្រោយពេលដែលអ្នកធ្វើការជាមួយឃើញហេតុការណ៍បានបែបនេះបានប្រញ៉ាប់ប្រញ៉ាល់រាយការណ៍ទៅប៉ូលីសឲ្យមកជួយធ្វើអន្តរាគមន៍។ ប៉ូលីសបានព្យាយាមបញ្ចុះបញ្ចូលរូបគេព្រមទាំងបានខលហៅឪពុកម្តាយរបស់គេមកកន្លែងកើតហេតុផងដែរ ហើយក្រុមប៉ូលីសក៏បានព្យាយាមទំនាក់ទំនងមិត្តស្រីផងដែរ។ នៅទីបំផុតក្រុមប៉ូលីសក៏បទាក់ទងទៅមិត្តស្រីរបស់គេបានសម្រេចហើយក៏បានឲ្យរូបគេនិយាយជាមួយនាង អស់រយៈពេលជាង១ម៉ោងរូបគេក៏បានប្តូរគំនិតយល់ស្របមិនសម្លាប់ខ្លួនវិញ។ ខណៈពេលជាមួយគ្នានោះដែរ ឪពុកម្តាយក៏បានមកដល់ឃើញហើយគាត់កើតក្តីតក់ស្លុតជាខ្លាំង យ៉ាងណាមិញបុរសរូបនោះក៏បានក្រាបសំពះសុំទោសអ្នកមានគុណដែលខ្លួនធ្វើបែបនេះ ព្រមទាំងបង្កចលាចលដល់អ្នកជុំវិញខ្លួន៕