លោក កឹម សុខា៖ សមាជិក -សមាជិការ អតីតបក្សសង្គ្រោះជាតិ ពុំមែនជាអ្នកបង្ក ហេតុបង្កើតជម្លោះទេ
ភ្នំពេញ ៖ អ្នកដែលបង្កហេតុបង្កើតជម្លោះ ពុំមែនជាសមាជិក-ជិការសង្គ្រោះជាតិទេ ! បើចង់បង្កើតហិង្សាណាស់ សូមចេញឆ្ងាយទៅ ! យើងមិនត្រូវការឡើយ គោលដៅរបស់យើង គឺផ្លាស់ប្តូរដោយអហិង្សា តាមរយៈការបោះឆ្នោត ដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ មិនបង្ហូរឈាមខ្មែរ មិនគុំកួនសងសឹក មិនយកខ្មែរជាសត្រូវ មិននិយមវប្បធម៌ មានឯងអត់អញ មានអញអត់ឯង” ។ នេះជាសានយោបាយរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ តាមរយៈមនុស្សជំនិត របស់លោក។
ការបញ្ចេញសារនយោបាយបែបនេះសំដៅ លើលោក សម រង្ស៊ី ដែលតែងតែញុះញុងបំផុស កម្លាំងប្រជារាស្ត្រ និងកងកម្លាំងប្រដាប់អាវុធ ឲ្យបែរចុងកាណុង សំដៅទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលកើតចេញពីការ បោះឆ្នោតដោយស្របច្បាប់ថា អ្នកដែលបង្កហេតុបង្កើតជម្លោះទាំងនោះ ពុំមែនជាសមាជិក-សមាជិការ របស់អតីតគណបក្សសង្គ្រោះជាតិទេ។
លោក សម រង្ស៊ី ដែលនិរទេសខ្លួន នៅក្រៅប្រទេស កន្លងមកតែងតែញុះញុងនិង បំផុសកម្លាំងប្រជារាស្ត្រ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ។ ជាក់ស្តែងជាថ្មីម្តងទៀត កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ លោក សម រង្ស៊ី បានលើកឡើងទៀតថា “ខ្ញុំ សម រង្ស៊ី សូមអំពាវនាវឲ្យកងកម្លាំង ប្រដាប់អាវុធស្នេហាជាតិ បែរចុងកាណុងសំដៅទៅ ហ៊ុន សែន វិញ បើជនក្បត់ជាតិ ហ៊ុន សែន នេះ បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធស្នេហាជាតិ បាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់រាប់លាននាក់ ដែលនឹងមកទទួលខ្ញុំនៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០១៩” ៕
អត្ថបទ៖ សុខ លាភ