និស្សិតអាហាររូបករណ៍ខ្មែរ ហុង ភារិន ឆ្លងកាត់វិញ្ញាសារដ៏លំបាកចំនួន៣ក្នុងកម្មវិធី SUPER 100 រហូតទទួលបានរហ័សនាមថាជា “អច្ឆរិយៈកម្ពុជា” ពីប្រទេសថៃ

កាលពីថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងពេញបណ្តាញសង្គមខ្មែរ ថៃ ក្រោយពេលមាននិស្សិតអាហាររូបករណ៍ខ្មែរមួយរូបបានមានវត្តមានចូលក្នុងកម្មវិធី SUPER 100 ដែលជាកម្មវិធីប្រមូលផ្តុំទៅដោយមនុស្សមានសមត្ថភាពពិសេស ឬហៅថាមនុស្សអច្ឆរិយៈ ហើយកម្មវិធីនេះក៏ជាកម្មវិធីមួយដ៏ល្បីប្រចាំប្រទេសថៃ។ ក្រោយពីបានឆ្លងកាត់ការធ្វើតេស្តសមត្ថភាព និងវគ្គជម្រុះយ៉ាងល្អិតល្អន់រួចមកបេក្ខជន ហុង ភារិន ដែលជានិស្សិតអាហាររូបករណ៍ខ្មែរបានឈានចូលដល់វគ្គការសម្តែងផ្ទាល់ចំពោះមុខទស្សនិកជន និងគណៈកម្មការកិត្តិយសទាំងបី។ បេក្ខជន ហុង ភារិន បានរៀបរាប់ពីប្រវត្តិខ្លួនឲ្យបានដឹងថា៖

«ខ្ញុំកើតនៅក្នុងគ្រួសារក្រីក្រ ដែលឪពុកម្តាយបានលែងលះគ្នាតាំងពីអាយុ១១ឆ្នាំ ហើយខ្ញុំដឹងថាអ្នកម្តាយឆ្លងកាត់ការលំបាកជាច្រើនក្នុងការចិញ្ចឹមបីបាច់កូន និងគ្រួសារ។ ដោយមានពេលមួយនោះគឺខ្ញុំបានទិញនំប៉័ងមួយដុំ ហើយខ្ញុំត្រូវធ្វើយ៉ាងម៉េចញ៉ាំវាឲ្យបានរយៈពេល៣ថ្ងៃ។ ដោយមិនចង់ឲ្យគ្រួសារលំបាក ខ្ញុំក៏បានខិតខំសន្សំប្រាក់ដើម្បីបន្តការសិក្សារៀននៅប្រទេសថៃ»។ លោកបានបន្តថា៖ «កាលដែលខ្លួនបានមកដល់ប្រទេសថៃ ព្រោះតែប្រទេសថៃបានផ្តល់អាហាររូបករណ៍ជាច្រើនដល់និស្សិតកម្ពុជា គឺជារៀងរាល់ឆ្នាំប្រមាណ២០០នាក់។ ហើយប្រទេសថៃបានចេញថ្លៃគ្រប់យ៉ាង មិនថាការសិក្សា ប្រាក់សម្រាប់ចាយវាយ ឬការចំណាយផ្សេងៗនោះឡើយ»។ បេក្ខជន ហុង ភារិន បានឲ្យដឹងបន្ថែមទៀតថា៖ «គ្រាដែលនៅក្មេងរូបខ្ញុំបានក្លាយជាក្មេងដែលខ្លាចសង្គម ព្រោះតែក្រុមគ្រួសារជួបបញ្ហាជាច្រើន ដោយឪពុកម្តាយតែងឈ្លោះគ្នាជាប្រចាំ។ ខ្ញុំមិនចង់ចេញពីផ្ទះ ហើយក៏មិនចង់ទៅរៀននោះដែរ ព្រោះតែខ្លាចអ្នកដទៃ»។ គណៈកម្មការស្រីបានសួរថា៖ «ពេលនឹងយើងគឺជាក្មេងដែលខ្លាចសង្គម តែពេលនេះយើងបានមកដល់ទីនេះ តើអ្វីទៅដែលជាការផ្លាស់ប្តូរនោះ?»។ គាត់បានឆ្លើយតបត្រលប់ទៅវិញថា៖ «គឺមានគ្រាមួយនោះគឺបងប្រុសខ្ញុំបានមកប្រាប់ថា បើចង់បំបាត់ការដែលខ្លាចសង្គមបែបនេះ គឺព្យាយាមអានសៀវភៅឲ្យបានច្រើន។

ហើយសៀវភៅដែលខ្ញុំបានអានភាគច្រើនគឺជាសៀវភៅដែលនិយាយពីតម្រូវការពីខ្លួនឯង ជាមួយនឹងចិត្តវិទ្យា ព្រមជាមួយការថែរក្សាខ្លួនឲ្យបានល្អ ហើយវានឹងធ្វើឲ្យយើងបានជួបនឹងអ្វីដែលយើងប៉ងប្រាថ្នា ព្រមជាមួយអ្វីដែលយើងចូលចិត្ត ដែលមានដូចជាការចងចាំតួរលេខ ឬចាំអ្វីៗជាច្រើនយ៉ាង»។ បេក្ខជន ហុង ភារិន បានបន្តថា៖ «កម្មវិធីនេះគឺជាកម្មវិធីដំបូង ដោយខ្លួនបានបណ្តាលចិត្តក្រោយពេលដែលខ្លួនឃើញបេក្ខជនម្នាក់ឈ្មោះថា ពីន បានចូលរួម ហើយខ្លួនក៏ចង់ធ្វើឲ្យពូកែដូចរូបគាត់ ក៏ថតឃ្លីបខ្លីផ្ញើមកឲ្យខាងកម្មវិធី ហើយក៏បានមកដល់ទីនេះ»។ ចូលមកដល់ការបញ្ចេញសមត្ថភាពក្នុងកម្មវិធីបេក្ខជន ហុង ភារិន ត្រូវបានឆ្លងកាត់វិញ្ញាសារចំនួនបីទី១ គឺការចងចាំលេខចំនួន៣០ខ្ទង់ ក្នុងរយៈពេល ៣០វិនាទី។ វិញ្ញាសារទី២នោះគី ការទស្សទាយន៍សន្លឹកបៀរដែលរៀបខុសលំដាប់គ្នាទៅតាមលេខ ដោយឲ្យគណៈកម្មការហៅលេខរៀង ឬក៏សន្លឹកបៀរ ហើយរូបគេជាអ្នកឆ្លើយ។ វិញ្ញាសារចុងក្រោយនោះគឺ ការចងចាំថ្ងៃខែ ដោយគណៈកម្មការជាអ្នកហៅពេលវេលា ហើយរូបគេត្រូវឆ្លើយថាជាថ្ងៃអ្វី ទីប៉ុន្មាន ខែណា ឆ្នាំណា»។

ទីបំផុតបេក្ខជន ហុង ភារិន ក៏បានឆ្លងកាត់វិញ្ញាសារទាំង៣យ៉ាងជោគជ័យ ដោយរូបគេបានទទួលរង្វាន់តាមការស្នើសុំនោះគឺសៀវភៅ និងឧបករណ៍សិក្សាសម្រាប់ចែកចាយក្មេងៗក្រីក្រ ដែលរស់នៅឯខេត្តឆ័យភូមិ សរុបជាទឹកប្រាក់ចំនួន៤៥,០០០បាត។ លើសពីនេះខាងកម្មវិធីក៏បានបន្ថែមទឹកប្រាក់ទៅឲ្យបេក្ខជនរូបនេះចំនួន ១០,០០០បាត ដើម្បីផ្តល់ទៅឲ្យអ្នកម្តាយ ដែលសរុបទាំងអស់គឺចំនួន ៥៥,០០០បាត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds