លោក គួច ចំរើន៖ ផ្លូវនៅក្នុងក្រុងព្រះសីហនុបានខូចស្ទើរតែគ្រប់ផ្លូវ ដែលត្រូវការធ្វើឡើងវិញ
ព្រះសីហនុ ៖ ផ្លូវនៅក្នុងក្រុងព្រះសីហនុបានខូចស្ទើរតែគ្រប់ផ្លូវ ដែលត្រូវការធ្វើឡើងវិញ ដើម្បីមានភាពងាយស្រួលក្នុងការធ្វើដំណើរ ។ នេះបើតាមការបញ្ជាក់របស់អភិបាលខេត្តលោក គួច ចំរើន នៅពេលចុះពិនិត្យមើលការជួសជុលផ្លូវក្នុងក្រុង បន្ទាប់ពីរងការខូចខាតនាពេលកន្លងមក កាលពីថ្ងៃទី២៥ ខែសីហានេះ ។
ថ្លែងនៅក្នុងពិធីនេះលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអមដំណើរដោយលោក អ៊ី សុខឡេង អភិបាលក្រុងបានអោយដឹងថា គោលបំណងដើម្បីពិនិត្យការលុបសំបុកមាន់ ផ្លូវលេខ៤០០ (ផ្លូវតោ២ឆ្ពោះទៅដល់អតីតឆ្នេរអារីស្តុន) និងផ្លូវម្តុំឆ្នេរសុខាក្នុងក្រុងព្រះសីហនុ ដែលធ្វើការជួសជុលបន្ទាន់បណ្តោះអាសន្ន ដើម្បីជួយសម្រួលចរាចរណ៍នារដូវវស្សាដែលមានភ្លៀងធ្លាក់ជាប់ជាច្រាំ ។
«តាមគម្រោងផ្លូវនៅក្រុងព្រះសីហនុត្រូវធ្វើជាប្រភេទបេតុងសរសៃដែកទាំងអស់ និងមានកម្រាស់យ៉ាងតិច២តឹក ហើយប្រកបដោយគុណភាព ដើម្បីធានាកាដឹកជញ្ជូនគ្រប់ប្រភេទ» ។ ជាមួយគ្នានោះដែរ លោកបានរំលឹកថា អ្នកសាងសង់ត្រូវគិតពីគុណភាពជាចម្បងមិនមែនធ្វើឲ្យតែបានវែងតែបន្តិចក្រោយមកខូចអស់វិញនោះទេ ។ លោកថា បច្ចុប្បន្ននេះផ្លូវនៅទូទាំងក្រុងព្រះសីហនុបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរស្ទើរគ្រប់ផ្លូវ ។ មូលហេតុដែលនាំអោយផ្លូវទាំងអស់នេះរងការខូចខាតដូច្នេះត្រូវបានគេមើលឃើញថា អាចបណ្ដាលមកពី ១-ការដឹកជញ្ជូនធ្ងន់ៗក្នុងការសាងសង់សំណង់ផ្សេងៗ ២-ផ្លូវចាស់ដល់អាយុត្រូវខូចផង ៣-ការវាយប្រហារនៃជំនន់ទឹកភ្លៀងជាដើម ។ករណីនេះបានបណ្ដាលឱ្យប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរ និងរអ៊ូរទាំផងដែរ ។
លោកបន្ថែម ចំពោះមុខក្នុងស្ថានភាពនេះការជួសជុលកែលម្អបឋមកំពុងត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ការចរាចរណ៍របស់ប្រជាពលរដ្ឋ ។ លោកបន្ថែមថា ដើម្បីដោះស្រាយបញ្ហាប្រឈមនេះរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុកំពុងរៀបចំស្ដារឲ្យមានភាពល្អប្រសើរឡើងវិញ ។ ក្នុងនោះគម្រោងជួសជុលផ្លូវចំនួន២២ខ្សែនៅក្នុងក្រុងព្រះសីហនុឲ្យប្រសើរឡើងវិញនឹងចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ ៕
អត្ថបទ៖ សុខ លាភ