នារីម្នាក់រំភើបដល់ស្រក់ទឹកភ្នែក ពេលបានជួបជុំគ្រួសារវិញ ក្រោយត្រូវគេចាប់យកទៅលក់អស់រយៈពេល៣០ឆ្នាំ

ចិន៖ ស្រ្តីជនជាតិចិនម្នាក់បានរំភើបចិត្តរហូតស្រែកទ្រហោយំយ៉ាងខ្លាំងពេលបានជួបឪពុកម្តាយរបស់គាត់វិញ ក្រោយគ្រួសារមួយនេះបានបែកគ្នាអស់រយៈពេល ៣០​ ឆ្នាំ។ ស្រ្តីរូបនេះមានឈ្មោះថា Jin Ting បច្ចុប្បន្នមានអាយុ ៣៣ ឆ្នាំ និងមានកូនចំនួន ៣ នាក់ផងដែរ។ តាមការចុះផ្សាយនៅក្នុងសារព័ត៌មាន DAILYMAIL​ បានរៀបរាប់ថា កាលពីឆ្នាំ ១៩៨៩ ពោលគឺនៅពេលអ្នកស្រី Jin Ting មានអាយុ ៣ ឆ្នាំម្លះ គាត់ត្រូវបានគេចាប់យកចេញទីក្រុង Yingtan ខេត្ត Jiangxi ភាគខាងត្បូងប្រទេសចិន និងត្រូវបានគេយកទៅលក់ឲ្យគ្រួសារមួយផ្សេងទៀតដែលរស់នៅឆ្ងាយពីផ្ទះកំណើតរបស់គាត់ ៥៥០ គីឡូម៉ែត្រ។

យ៉ាងណាក្តី កាលពីពេលថ្មីនេះអ្នកស្រី Jin Ting បានសម្រេចស្វែងរកគ្រួសាររបស់គាត់វិញតាមរយៈគេហទំព័រ Baobeihuijia ដែលជាគេហទំព័រជួយស្វែងរកសាច់ញាតិ ដែលបានបែកគ្នា និងប្រកបដោយវិជ្ជាជីវៈខ្ពស់បំផុតមួយក្នុងប្រទេសចិន។ ក្រោយទទួលបានសំណើស្វែងរកសាច់ញាតិរបស់លោកស្រី Jin Ting ក្រុមការងាររបស់គេហទំព័រ Baobeihuijia បានចុះទៅជួបអ្នកស្រីដោយផ្ទាល់ និងអាជ្ញាធរដែលពាក់ព័ន្ធ ហើយគេបានប្រើប្រាស់ការធ្វើតេស្តិ៍ឈាម និងពិនិត្យ DNA របស់អ្នកស្រ្តី Jin Ting ទៀតផង ទើបនៅទីបំផុតគេអាចរកឃើញគ្រួសាររបស់អ្នកស្រីដែលបានបែកគ្នាកាលពី ៣០ ឆ្នាំមុននោះ។ សូមបញ្ជាក់ផងដែរថា របាយការណ៍មួយបានបង្ហាញថាក្នុងមួយឆ្នាំៗនៅក្នុងប្រទេសចិនមានកុមារា និងកុមារីប្រមាណជា ២០០ ០០០ នាក់ត្រូវបានបាត់ខ្លួនដោយគ្មានដំណឹងទាល់តែសោះ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds