សម្តេចតេជោ ព្រមធ្វើសាក្សីការភ្នាល់របស់ ក្រុមសមាជិកអង្គព្រោកប្រាជ្ញ ជាមួយលោក សម រង្ស៊ី ជុំវិញការប្រកាសវិលចូលស្រុករបស់លោក

 

(ភ្នំពេញ)៖ ក្រោយពីការប្រកាសរបស់លោក សម រង្ស៉ី វិលចូលស្រុកខ្មែរវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះក្រុមសមាជិកអង្គព្រោកប្រាជ្ញ ប្រកាសបបួលភ្នាល់ជាមួយទណ្ឌិត សម រង្ស៉ី នូវទឹកប្រាក់១លានដុល្លារ ចំពោះការហ៊ានវិលចូលស្រុកនៅថ្ងៃនោះ ជាមួយគ្នានេះដែរសម្តេចតេជោ ហ៊ុន សែន យល់ព្រមធ្វើសាក្សីលើការភ្នាល់របស់ «ក្រុមសមាជិកអង្គព្រោកប្រាជ្ញ» ជុំវិញការប្រកាសវិលចូលស្រុករបស់ទណ្ឌិត សម រង្ស៉ី ជាមួយប្រាក់១លានដុល្លារ ។

ទណ្ឌិត សម រង្ស៉ី ដែលកំពុងសម្ងំរស់ក្រៅស្រុកគេចពីសំណាញ់ច្បាប់របស់កម្ពុជា កាលពីថ្ងៃទី១៦ ខែសីហា សប្តាហ៍កន្លងទៅនេះ បានប្រកាសថា នឹងវិលចូលស្រុកនៅថ្ងៃទី០៩ ខែវិច្ឆិកា ចុងឆ្នាំនេះ។ តែទោះជាយ៉ាងមានសាធារណមតិជាច្រើនមិនជឿលើការប្រកាសរបស់ ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី នោះឡើយ គេបានចាត់ទុកការប្រកាសរបស់ជនក្បត់ជាតិរូបនេះគ្រាន់តែជាលេសភូតកុហកប្រជាជនកម្ពុជាខ្លួនឯងតែប៉ុណ្ណោះ។

មិនត្រឹមតែមិនជឿលើការប្រកាសរបស់ទណ្ឌិតរត់គេចសំណាញ់ច្បាប់រូបនេះនោះទេ។ ក្រុមសមាជិកអង្គព្រោកប្រាជ្ញ» ដែលមានលោក ខាន់ សុវណ្ណ ជាប្រធានក្រុម កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ បានបបួលទណ្ឌិត សម រង្ស៉ី ភ្នាល់លើការប្រកាសនេះ ដោយដាក់ទឹកប្រាក់១លានដុល្លារសហរដ្ឋអាមេរិក។ ពោលបើទណ្ឌិត សម រង្ស៉ី វិលចូលស្រុកវិញដូចការប្រកាស នោះ «ក្រុមសមាជិកអង្គព្រោកប្រាជ្ញ» ចាញ់ ហើយប្រគល់ថវិកា១លានដុល្លារជូនទណ្ឌិត សម រង្ស៉ី ផងដែរ។

រហូតមកដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ ទណ្ឌិត សម រង្ស៉ី មិនទាន់ប្រកាសទទួលការភ្នាល់ខាងលើនេះនៅឡើយទេ។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ តាមរយៈ Live Show របស់អង្គព្រោកប្រាជ្ញ បានប្រកាសព្រមធ្វើសាក្សីលើការភ្នាល់នេះដោយសម្តេចតេជោ ហ៊ុន សែន Comment យ៉ាងដូច្នេះថា «ខ្ញុំយល់ព្រមធ្វើសាក្សីក្នុងការភ្នាល់នេះ។​ លុយត្រូវប្រគល់ជូននៅក្នុងពន្ធនាគារនាថ្ងៃ៩ ខែវិច្ឆិកា ២០១៩»។

ការបញ្ជាក់នៅឃ្លាចុងក្រោយរបស់សម្តេចតេជោ ហ៊ុន សែន គឺដូចទៅនឹងអ្វីដែលសម្តេចតែងតែបានបញ្ជាក់នាពេលកន្លងមកថា វិធានការច្បាប់ចំពោះទណ្ឌិត សម រង្ស៉ី នឹងគ្មានការប្រែប្រួលឡើយ ពោលទណ្ឌិតរូបនេះចូលដល់ប្រទេសកម្ពុជានាពេលណាសមត្ថកិច្ចនឹងអនុវត្តន៍ច្បាប់ចាប់ដាក់ពន្ធនាគារភ្លាមៗផងដែរ។

បើតាមតំណាងក្រុមសមាជិកអង្គព្រោកប្រាជ្ញ បានថ្លែងយ៉ាងដូច្នេះថា៖ «យោងការប្រកាសចូលស្រុករបស់លោក សម រង្ស៉ី ថា នៅថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៩នោះ សមាជិក អង្គព្រោកប្រាជ្ញ បានធ្វើការសម្រេចចិត្តបបួលលោក សម រង្ស៉ី ភ្នាល់ដាក់លុយ​១​លានដុល្លារ ដោយយល់ថា លោក សម រង្ស៉ី កុហកប្រជាជនខ្មែរមិនហ៊ានចូលស្រុកទេ។ តាងនាមជាប្រជាពលរដ្ឋខ្មែរមួយក្រុមធំ យើងខ្ញុំសូមគោរពអញ្ជើញសម្តេចនាយករដ្ឋមន្ត្រី មេត្តាជួយធ្វើ ជាសាក្សីក្នុងការភ្នាល់មួយនេះដោយក្តីអនុគ្រោះ។ សូមឲ្យភាគីលោក សម រង្ស៉ី មេត្តាឆ្លើយតបមកជាមួយនឹងការបបួលភ្នាល់របស់យើងខ្ញុំទាំងអស់គ្នាផង»៕

អត្ថបទ៖ សុខ លាភ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds