កាកសំណល់ផ្លាស្ទីក១៤កុងតឺន័រ ត្រូវក្រុមហ៊ុន ជុងយៀន ដឹកត្រឡប់ទៅវិញហើយ នៅសល់៦៩ទៀត សុំពន្យារពេល
ភ្នំពេញ៖ ក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO., LTD បានដឹកចេញសំណល់ផ្លាស្ទីក ១៤កុងតឺន័រត្រឡប់ទៅប្រទេសដើមវិញហើយនោះ ហើយបានស្នើសុំពន្យារពេល សម្រាប់ការដឹកជញ្ជូនសំណល់ផ្លាស្ទីកដែលនៅសេសសល់ ៦៩កុងតឺន័រទៀត ត្រឡប់ទៅវិញ ដោយសារតែបញ្ហាអាកាសធាតុ។ នេះបើតាម សេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដែលបណ្តាញព័ត៌មាន Fast News ទទួលបាន។
គិតមកដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ សាមីក្រុមហ៊ុនបានបង់ប្រាក់ពិន័យចូលថវិកាជាតិគ្រប់ចំនួន ព្រមទាំងបានបង់ថ្លៃចំណតផែ និងថ្លៃកប៉ាល់មួយចំនួន ហើយក៏បានដឹកជញ្ជូនកាកសំណល់បាស្ទីកចេញពីកម្ពុជាចំនួន១៤ កុងតឺន័រ កាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបន្តថា ដោយហេតុថា ក្រុមហ៊ុនកប៉ាល់ដឹកជញ្ជូនតាមផ្លូវសមុទ្រ បានជួបបញ្ហាមួយចំនួន រួមមាន៖ អាកាសធាតុមិនអំណោយផល ធ្វើឱ្យខកខានជើងកប៉ាល់ និងទំនិញកកស្ទះជាច្រើន ដែលទទួលកក់ពីអតិថិជនផ្សេងៗទៀត ដូច្នេះទើបក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO., LTD បានស្នើសុំពន្យារពេល ការដឹកជញ្ជូនកាកសំណល់ប្លាស្ដីក ដែលនៅសល់ចំនួន៦៩ កុងតឺន័រទៀត តាមតារាងពេលវេលា ដែលក្រុមហ៊ុនកប៉ាល់បានផ្តល់ជូន គិតចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ពិន័យ៣ចំណុចដល់ក្រុមហ៊ុន ជុងយៀន ផ្លាស្ទីក មេនូហ្វេកឈ័រ ឯក. ដែលបាននាំចូលកាកសំណល់ផ្លាស្ទិក ចំនួន៨៣កុងតឺន័រ មកកាន់ប្រទេសកម្ពុជា។ នេះបើតាមការប្រកាសរួមរបស់ក្រសួងបរិស្ថាន និងអគ្គនាយកគយ និងរដ្ឋាករកម្ពុជា៕
អត្ថបទ៖ សុខ លាភ