កម្មករសំណង់ល្មោភកាមម្នាក់ចាប់ក្មេងស្រី ១៤ឆ្នាំរំលោភបានសម្រេច ២ដងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន
(ភ្នំពេញ)៖ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២១និង០០នាទី ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចចាប់ឃាត់ខ្លួនយុវជនម្នាក់ បន្ទាប់ធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ បានសម្រេចចំនួន២ដង ។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ យ៉ាត ផានុត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងធ្វើការ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ព ល ហ អាយុ ១៤ឆ្នាំ។
សភាពរឿងហេតុ៖ មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានដើរចេញពីផ្ទះទៅបន្ទប់ទឹកដែលមានចម្ងាយពីផ្ទះប្រហែល ២០ម៉ែត្រ ស្រាប់តែមានជនសង្ស័យម្នាក់ ដែលកំពុងតែឈរនៅក្បែរនោះ បានចាប់ទាញដៃក្មេងស្រីរងគ្រោះយកទៅរោងធ្វើចង្ក្រានដី ដែលមានចម្ងាយពីផ្ទះជនរងគ្រោះប្រហែល ៥០ម៉ែត្រ ហើយរូបគេបានធ្វើសកម្មភាពចាប់ក្មេងស្រីរងគ្រោះផ្ទប់ទៅនឹងជញ្ជាំងរោង និងគំរាមក្មេងស្រីរងគ្រោះមិនឲ្យស្រែក រួចចាប់អោបថើប ផ្តួលក្មេងស្រីរងគ្រោះទៅលើដី រួចហើយយកដៃឆ្វេងចាប់សម្រាតខោក្មេងស្រីរងគ្រោះធ្វើសកម្មភាពរំលោភសេពសន្ថវ:ក្មេងស្រីរងគ្រោះតែម្តង រហូតបានសម្រេចចំនួន ០២លើក ។
បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានឲ្យជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ចំណែករូបគេក៏បានដើរទៅកន្លែងស្នាក់នៅក្នុងរោងកម្មករ។ ពេលក្មេងស្រីរងគ្រោះដើរទៅដល់ផ្ទះ ត្រូវម្តាយបង្កើតឈ្មោះ ឈួន វុត្ថា ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានការសង្ស័យដោយឃើញក្មេងស្រីរងគ្រោះ ដើរឆ្លេឆ្លាចុះឡើងទឹកមុខមានសភាពស្លេកស្លាំង ក៏បានសួរនាំកូនស្រី ទើបបានដឹងរឿងរ៉ាវខាងលើ ហើយគាត់បាននាំកូនទៅរាយការណ៍ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឲ្យជួយអន្តរាគមន៍។
លុះដល់វេលាម៉ោង ២៣និង០០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចប៉ុស្តិ៍នគរបាលដ្ឋបាលព្រៃស បានទៅឃាត់ខ្លួនជនសង្ស័យខាងលើ ត្រង់ចំណុចរោងកម្មករស្នាក់នៅ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃសខាងលើ រួមនឹងវត្ថុតាង យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។
បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ: លើក្មេងស្រីរងគ្រោះបានសម្រេចចំនួន ០២លើក ពិតប្រាកដមែន។
វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃម៉ាក Oppo ពណ៌ទឹកមាស ០១គ្រឿង កាបូបលុយ ពណ៌សូកូឡា ចំនួន០១។
បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕