លោក ពេជ្រ ស្រស់ ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រីចុះទៅជួបជាមួយប្រជាពលរដ្ឋស្រុកព្រៃនប់៤៨គ្រួសារ ដែលមានជម្លោះដីធ្លី
លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងប្រធានគណបក្សយុវជនកម្ពុជា បានប្រាប់ថាលោកនឹងចុះទៅសិក្សាអំពីបញ្ហាដែលពលរដ្ឋដែលបានប្តឹងលោក។ តាមរយៈហ្វេសប៊ុក លោក ពេជ្រ ស្រស់ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ។
លោកថា ប្រជាពលរដ្ឋមានចំនួន៤៨ គ្រួសារ នៅភូមិអូរត្រជាក់ចិត្ត ឃុំអណ្តូងថ្មស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានទទូចស្នើរសុំទៅឧបនាយករដ្ឋមន្រ្តីយឹម ឆៃលី បើកផ្លូវឲ្យពួកគាត់ធ្វើដំណើរចូលទៅធ្វើស្រែចំការនិងសូមបញ្ឈប់ការរារាំងពួកគាត់មិនឲ្យធ្វើស្រែចំការ ដោយមានទាហានទៅគំរាមពួកគាត់មិនឲ្យធ្វើស្រែចំការ។
លោកបន្ថែមថាអ្នកមានអំណាចម្នាក់ធ្វើរបងបិទផ្លូវមិនឲ្យពលរដ្ឋចូលទៅដីពួកគាត់ដែលពលរដ្ឋមានចំនួន៤៨គ្រួសារ ស្ថិតនៅភូមិអូរត្រជាក់ចិត្ត ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សូមរំលឹកថា លោក ពេជ្រ ស្រស់ ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលសកម្មមួយរូបដែលបានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋរងគ្រោះ។
អត្ថបទ៖ សុខ លាភ