ហួសចិត្ត ធ្វើដល់កូនថៅកែលក់ពេជ្រហើយ នៅឆ្លៀតឆក់ការបូបគេទៀត ត្រូវប៉ូលីសចាប់វ៉ៃខ្នោះ
ភ្នំពេញ ៖ យុវជនជាកូនអ្នកលក់មាសពេជ្រនៅផ្សារទួលទំពូងម្នាក់ រួមនឹងបក្ខពួកម្នាក់ទៀត ដោយហេតុតែវក់នឹងថ្នាំញៀន ខ្លាំងពេក ក៏បែកគំនិតចេញធ្វើសកម្មភាពជិះម៉ូតូឆក់យកកាបូបជនរងគ្រោះម្នាក់ បានប្រាក់ជាង៧ពាន់ដុល្លារ រួចក៏យកទៅដើរចាយវាយជក់ថ្នាំ បានរយៈពេល៤ថ្ងៃ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។
ជនសង្ស័យជាមុខសញ្ញាឆក់កាបូបដែលត្រូវសមត្ថកិច្ចចាប់ខ្លួនទាំង២នាក់ រួមមាន ទី១-ឈ្មោះវេង ម៉េងលាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាជាងទង ជាកូនអ្នកមាសពេជ្រ នៅផ្សារទួលទំពួង មានលំនៅផ្ទះសង់ថ្មីអត់លេខ ផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងទី២-ឈ្មោះ គន្ធា ម៉េងលី ហៅសាល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាសិស្សវិទ្យាល័យផ្សារដើមថ្កូវ ស្នាក់នៅផ្ទះអត់លេខ ផ្លូវលេខ៤៨០ សង្កាត់ផ្សារដើមថ្លូវ ខណ្ឌចំការមន។ វត្ថុតាងដែលត្រូវសមត្ថកិច្ចចាប់យករួមមាន ម៉ូតូ១គ្រឿងម៉ាក PCX ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ GY-5833 និង១គ្រឿងទៀត ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HF-9700 ដែលពួកគេបានជិះធ្វើសកម្មភាពឆក់កន្លងមក។
ចំណែកជនរងគ្រោះក្នុងអំពើឆក់នោះ មានឈ្មោះ XU DONG HUIL ភេទប្រុស ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ PE 1406431 ជាភ្ញៀវទេសចរណ៍។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ ជនរងគ្រោះបានធ្វើដំណើរម្នាក់ឯង នៅលើដងផ្លូវ លេខ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយមានស្ពាយកាបូប១ជាប់ខ្លួនផង។ លុះពេលជនរងគ្រោះកំពុងដើរ ស្រាប់តែជនសង្ស័យ២នាក់ បានជិះម៉ូតូម៉ាក PCX ពណ៌ទឹកប៊ិក ទៅអែបក្បែរជនរងគ្រោះ ហើយម្នាក់ជិះខាងក្រោយ ក៏បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់ជនជាតិចិននោះ និងបានជិះគេចខ្លួនបាត់ស្រមោល។
ក្រោយកើតមានហេតុការណ៍នេះ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង និងបានបញ្ជាក់ថា ក្នុងកាបូបនោះមានលិខិតឆ្លងដែន១ក្បាល ប្រាក់ដុល្លារមានជាង៧ពាន់ដុល្លារ អត្តសញ្ញាណប័ណ្ណជនជាតិចិន និងកាតធនាគារចំនួន៤សន្លឹក។
ក្រោយពេលទទួលបានពាក្យបណ្តឹងខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដែលដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ជាប្រធាន បានប្រើប្រាស់កម្លាំងជំនាញឱ្យចុះស្រាវជ្រាវ និងស៊ើបអង្កេតជាបន្ទាន់រហូត៣ថ្ងៃមក ទើបឈានដល់ការឃាត់ខ្លួនជន សង្ស័យ២នាក់ខាងលើ នាំយកមកសាកសួរ៕