វាយខ្នោះបានទាំងអ្នកដើរលួចស្លាកលេខឡាន និងអ្នកចាំទិញស្លាកលេខ ដែលលួចបាន
ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួជនសង្ស័យ០៣នាក់ពីបទលួច (លួចស្លាកលេខ រថយន្តម៉ាកព្រូស) និងបទទទួលផលចោរកម្មកើតហេតុនៅមូលដ្ឋានសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១ និង៥៥នាទីរំលងអាធ្រាត្រ កម្លាំងរបស់អធិការនគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្តែងពី បទលួច (លួចស្លាកលេខរថយន្តម៉ាកព្រូស) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២A ផ្លូវលេខ ៣៩៥ ក្រុមទី៣០ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សមត្ថកិច្ចយើងបានធ្វេីការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀត ជាអ្នកទទួលផលចោរកម្ម (ទិញស្លាកលេខរថយន្តពាក់ព័ន្ធអំពើលួច) ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់នៅ២ទីតាំងផ្សេងគ្នា។
ជនសង្ស័យ ទី១-ឈ្មោះ ម៉ែន វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម (ជាអ្នកលួចស្លាកលេខឡាន) ទី២-ឈ្មោះ សុខ ជា ហៅ យឿង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ ជាអ្នកទទួលផលចោរកម្ម (ទិញស្លាកលេខរថយន្តពាក់ព័ន្ធអំពើលួច) និងទី៣-ឈ្មោះ សេន សឿន ហៅតាម៉ាប់ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី (PassApp) ជាអ្នកទទួលផលចោរកម្ម (ទិញស្លាកលេខរថយន្តពាក់ព័ន្ធអំពើលួច)។ វត្ថុតាងចាប់យករួមមាន:
១-ស្លាកលេខរថយន្តទាំងមុខក្រោយមានលេខ ភ្នំពេញ 2BB-2776 (ជារបស់ជនរងគ្រោះចាប់យកពីជនសង្ស័យឈ្មោះ ម៉ែន វិចិត្រ ) បានធ្វើការប្រគល់ជូនជនរងគ្រោះ វិញតាមការស្នើរសុំ ដោយមានការឯកភាពពីលោក សម ឬទ្ធីវាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
២-ដែកសំប៉ែតសំរាប់កាច់បំបែកគ្រាប់សោរកម៉ូតូចំនួន០១ (ចាប់យកពីឈ្មោះ សុខ ជា ហៅ យឿង)។ ៣-ម៉ូតូកង់បី (PassApp) ០១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1Q-0748 (ចាប់យកពីឈ្មោះ សេន សឿន ហៅ តាម៉ាប់ ) បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ ចាត់ការបន្តតាមផ្លូវច្បាប់៕