សង្ស័យឥទ្ធិពលគ្រឿងញៀន និងភ្លេីងប្រចណ្ឌ កាប់សម្លាប់ប្រពន្ធ ហេីយចងកសម្លាប់ខ្លួនឯង
(កំពង់ធំ)៖ បុរសជាប្តីបានយកកាំបិតកាប់សម្លាប់ភរិយា ហើយចងកសម្លាប់ខ្លួនតាមក្រោយ បន្សល់ទុកកូនប្រុសអាយុទើបជាង១ខួបឱ្យរស់នៅកំព្រា រឿងដ៏សែនសោកសៅមួយបានកើតឡើងក្នុងគ្រួសារក្រីក្រមួយស្ថិតនៅភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោងប្រមាណ ៩៖៣០នាទីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។
ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឱ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុ គេបានឮស្នូរវាយ និងសម្រែកប្រពន្ធស្រែកឱ្យជួយ តែមិនមាននរណាជួយនោះឡើយ។ ដោយសារតែជាទម្លាប់ក្នុងគ្រួសារនេះ តែងតែឈ្លោះគ្នាស្ទើររាលថ្ងៃ។
លុះដល់ព្រឹកថ្ងៃទី២១ ខែសីហា ពេលដើរទៅមើលផ្ទះកន្លែងកើតហេតុ គេបានឃើញបុរសជាប្តីបានចងកសម្លាប់ខ្លួននឹងធ្នឹមផ្ទះ ខណៈភរិយាដេកស្លាប់លើគ្រែដោយមានស្នាមរបួសកាប់នឹងកាំបិតជាច្រើនកន្លែង។
អធិការរងនគរបាលស្រុកបារាយណ៍ លោកវរសេនីយ៍ទោ កែ កញ្ចនា បានអះអាងថា ហេតុការណ៍នេះអាចបណ្តាលមកពីស្វាមីជាជនញៀនថ្នាំ បូករួមជាមួយភ្លៀងប្រចណ្ឌផងនោះក្លាយជាកំហឹង ហើយកាប់សម្លាប់ភរិយាខ្លួនឯង បន្ទាប់មករត់ទៅចងកសម្លាប់ខ្លួនជាក្រោយ។
ភរិយាដែលត្រូវបានប្តីកាប់សម្លាប់នេះមានឈ្មោះ មុំ សុខណា អាយុ ២២ឆ្នាំ ហើយបុរសជាប្តីមានឈ្មោះ ស៊ុន សុគាន់ អាយុ ៣៨ឆ្នាំ។ បន្ទាប់ពីសមត្ថកិច្ចធ្វើកោសលវិចយរួចរាល់ហើយ សពប្តី-ប្រពន្ធនេះ ត្រូវបានប្រគល់ជូនសាច់ញ្ញាតិ និងឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខ លាភ