រត់ម៉ូតូឌុបមិនសូវកាក់កប បែកគំនិតចូលទៅលួចអីវ៉ាន់គេ ចុងក្រោយ…!!
ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ រើកកាយរកទ្រព្យសម្បត្តិមានតម្លៃ ប៉ុន្តែរកឃើញឃើញតែទូរសព្ទមួយគ្រឿង ហើយក៏ប្រញាប់ដើរចេញមកវិញ រត់ឡើងម៉ូតូ ខណៈពេលនោះស្រាប់តែម្ចាស់ផ្ទះដែលជាជនរងគ្រោះ បានឃើញក៏រត់ដេញចាប់ជនសង្ស័យបានតែម្ដង រួចប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកេងកងទី៣។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៧០១E1 ផ្លូវព្រះមុនីវង្ស ក្រុម១៦ ភូមិ៩ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានមានឈ្មោះ ហាក់ វិផាត ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិបឹងបារាំង ឃុំកំពង់ឆ្នាំង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះកើតហេតុមានឈ្មោះ ព្រេស យុឺត ភេទប្រុស អាយុ៦៧ឆ្នាំ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ។
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះដែលជាម្ចាស់ផ្ទះខាងលើ កំពុងនៅក្នុងបន្ទប់ទឹកផ្សេងមួយទៀត នៅក្នុងផ្ទះរបស់គាត់ ខណៈនោះស្រាប់តែគាត់បានឃើញជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពរើកកាយរកទ្រព្យសម្បត្តិ មានតម្លៃនៅក្នុងផ្ទះរបស់គាត់ ស្រាប់តែពេលនោះជនសង្ស័យបានឃើញទូរសព្ទស៊េរីទំនើបមួយគ្រឿងរបស់គាត់ ពេលនោះជនសង្ស័យបានយកទូរសព្ទរត់ចេញមកខាងក្រៅផ្ទះ ត្រូវបានកូនរបស់គាត់បានឃើញធ្វើការចាប់ប្រញ៉ៃយកទូរសព្ទពីដៃជនសង្ស័យបានមកវិញ ពេលនោះជនសង្ស័យបានភ័យក៏ស្ទុះឡើងជិះម៉ូតូរបស់ខ្លួនមួយគ្រឿងម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ សៀមរាប 1C-3955 ប្រញាប់ឡើងជិះគេចខ្លួន ប៉ុន្តែត្រូវបានរូបគាត់ជាម្ចាស់ផ្ទះដេញចាប់ក្របួចកអាវជនសង្ស័យខាងលើបាន ក៏ប្រគល់ជូនទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកេងកងទី៣ ធ្វើការសាកសួរ។ ចំណែករូបគាត់មិនបានដឹងផ្ដល់អ្វីទេ ស្រេចតែសមត្ថកិច្ចលោកធ្វើការអប់រំឬក៏យ៉ាងណាស្រេចតែសមត្ថកិច្ចទៅចុះ។
សូមបញ្ជាក់ថា ខណៈដែលសមត្ថកិច្ចវាយខ្នោះយកមកដល់ប៉ុស្តិ៍ ស្រាប់តែជនសង្ស័យខាងលើនេះ បានដឹងខ្លួនខុស ស្រក់ទឹកភ្នែកលុតជង្គង់សូមទោសប្រពន្ធ នៅក្នុងប៉ុស្តិ៍ប៉ូលិសផងដែរ ៕