សាហាវមែន! តាមសម្លាប់ម្ដាយបង្កើតខ្លួនឯងដើម្បីទទួលមរតក ហើយចង់យកលុយទាំងនោះទៅ….!!
ថៃ៖ យោងទៅតាមសារព័ត៌មាន Mirror បានឱ្យដឹងថា ស្ត្រីជនជាតិថៃម្នាក់ឈ្មោះ Kanchana Srisung អាយុ ២៥ឆ្នាំ បានជួលឃាតករ ២នាក់ ដើម្បីធ្វើឃាតម្តាយរបស់ខ្លួន ដើម្បីឱ្យនាងអាចទទួលមរតកទ្រព្យសម្បត្តិដែលបន្សល់ពីម្ដាយ ហើយចង់ប្រើវាខ្លះដើម្បីធានាមិត្តប្រុសចេញពីពន្ធនាគារ។ រឿងរ៉ាវកើតឡើងកាលពីថ្ងៃទី ២២ ខែមិថុនា នៅពេលម្តាយរបស់នាង ដែលមានអាយុ ៥៥ឆ្នាំ កំពុងធ្វើដំណើរទៅផ្ទះដោយជិះកង់ ស្រាប់តែភ្លាមៗគាត់ត្រូវបានគេបាញ់ចំទ្រូង។
គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ហើយបន្ទាប់ពីគាត់សន្លប់អស់រយៈពេលជាងមួយខែ គាត់ក៏បានដឹងខ្លួនឡើងវិញ និងបានរាយការណ៍រឿងនេះទៅប៉ូលីស។ ក្នុងអំឡុងពេលនៃការស៊ើបអង្កេតរបស់ពួកគេ ប៉ូលីសបានរកឃើញថា កូនស្រីរបស់គាត់នាង Kanchana មានទំនាក់ទំនងជាមួយពួកឃាតករ។ វាហាក់ដូចជានាង Kanchana បានយល់ព្រមជួលឃាតករក្នុងតម្លៃ ២០០,០០០បាត ដើម្បីពួកគេសម្លាប់គាត់ជាម្ដាយ។
ក្រោយមកនាង Kanchana ដែលជាម្ដាយនៃកូនពីរនាក់ បានសារភាពប្រាប់ប៉ូលីសអំពីមូលហេតុដែលនៅពីក្រោយការប៉ុនប៉ងធ្វើឃាតនេះ។ នាងបានសារភាពថា ដោយសារតែមិត្តប្រុសរបស់នាងកំពុងជាប់ពន្ធនាគារពីរឿងគ្រឿងញៀន ទើបនាងបានព្យាយាមសម្លាប់ម្តាយ ព្រោះនាងចង់ទទួលមរតក ហើយចង់យកលុយទាំងនោះធានាមិត្តប្រុសឱ្យនៅក្រៅឃុំ។ នាងបន្ដថា៖ «ខ្ញុំដឹងថាម្តាយរបស់ខ្ញុំមានធានារ៉ាប់រងអាយុជីវិតចំនួន ៣ ហើយមានដីជាច្រើននៅតំបន់ភាគខាងជើង ដែលអាចមានតំលៃជាង ១០លានបាត»។
ចំណែកជីដូនរបស់នាង Kanchana ក៏បាននិយាយថា នេះមិនមែនជាលើក ទី១ ទេដែលចៅស្រីរបស់គាត់ប៉ុនប៉ងធ្វើឃាតម្តាយ។ ធ្លាប់មានឧប្បត្តិហេតុមួយទៀត (មិនត្រូវបានរាយការណ៍ទៅប៉ូលីស) កាលពីខែមករា ដោយនាង Kanchana បានព្យាយាមបាញ់សម្លាប់ម្ដាយ ប៉ុន្តែនាងបាញ់ខុស។ យ៉ាងណាក៏ដោយនាង និងឃាតករទាំង ២ ត្រូវបានចាប់ខ្លួនហើយ ប៉ុន្តែខាងប៉ូលីសនៅបន្ដស៊ើបបន្ថែមទៀត ព្រោះពួកគេគិតថា នាងអាចនឹងត្រូវសង្សារបង្ខំឱ្យធ្វើបែបនេះ៕