Neymar មិនពេញចិត្តទទួលការលើកជើងថាជាកីឡាករខ្លាំងដាច់គេរបស់ប្រេស៊ីលនោះទេ
ថ្ងៃី ២៩ ខែមីនា ឆ្នាំ ២០១៩ ម៉ោង 9:20 pm
តាមប្រភពព័ត៌មាន Give Me Sport បានឱ្យដឹងថា កីឡាករជើងខ្លាំងប្រចាំក្រុមជម្រើសជាតិប្រេស៊ីល Neymar បានលើកឡើងថា ការដែលហៅរូបលោកជាកីឡាករខ្លាំងជាងគេរបស់ប្រេស៊ីលបន្ទាប់ពី Pele គឺជារឿងមិនត្រឹមត្រូវ និងគិតមិនបានល្អិតល្អន់។
Neymar បានប្រាប់ព័ត៌មាន Goal ថា៖ «ខ្ញុំមិនអាចសម្រេចថានរណាជាកីឡាករខ្លាំងបន្ទាប់ពី Pele នោះទេ ។ សម្រាប់ខ្ញុំ ពួកយើងគ្រប់គ្នាសុទ្ធតែសំខាន់ ។ នៅពេលអតីតកាល ខ្ញុំនិយាយថា គ្រប់គ្នាគឺសុទ្ធតែបានបង្កើតប្រវតិ្តសាស្ត្រ ។ គ្រប់គ្នាមានរបៀបលេងរៀងៗខ្លួន ហើយមានពេលសំខាន់ផ្សេងៗគ្នា។ សម្រាប់អ្នកដែលបង្កើតប្រវត្តិសាស្ត្រល្បីៗ ដែលយើងចងចាំមានដូចជា៖ Ronaldo, Romario, Ronaldinho Gaucho, Kaka, Zico និង Rivaldo ជាដើម។ មានកីឡាករជាច្រើនដែលសំខាន់តាមរបៀបផ្ទាល់ខ្លួនរបស់ពួកគេ។ ដូចនេះបានជាយើងពិបាកនឹងសម្រេចថា នរណាគឺជាកីឡាករខ្លាំងបន្ទាប់ពី Pele»។
កីឡាកររបស់ក្លិប PSG រូបនេះបានបន្តថា៖«ខ្ញុំមានការគោរពខ្លាំងចំពោះកីឡាករ ដែលបានបង្កើតប្រវត្តិសាស្ត្ររបស់ប្រេស៊ីលនាពេលកន្លងមក។ ពួកគេសុទ្ធតែមានមុខនៅក្រុមជម្រើសជាតិប្រេស៊ីល ព្រោះពួកគេគឺជាកីឡាករគំរូចំពោះខ្ញុំ។ ពួកគេម្នាក់ៗសុទ្ធតែសំខាន់»៕
អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន