លោក ត្រាំ ចង់ទិញកោះ Greenland ពីប្រទេសដាណឺម៉ាក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងជាច្រើនដងថាលោកចង់ឲ្យអាមេរិកទិញកោះ Greenland ពីប្រទេសដាណឺម៉ាក ហើយបានបង្គាប់ឲ្យមេធាវីសេតវិមានសិក្សាពីលទ្ធភាពនៃការទិញកោះនេះ។
មន្រ្តីសេតវិមានបានប្រាប់សារព័ត៌មាន The Wall Street Journal ថាលោក ត្រាំ បានលើកពីបញ្ហានេះក្នុងកិច្ចប្រជុំ និងពេលអាហារពេលល្ងាចជាមួយទីប្រឹក្សារបស់លោកដោយបាននិយាយអំពីផលប្រយោជន៍នៃការធ្វើជាម្ចាស់របស់កោះនេះ។
ទីប្រឹក្សា ខ្លះយល់ព្រមជាមួយការលើករបស់ លោក ត្រាំ ដោយបានឃើញថា Greenland គឺពោរពេញទៅដោយធនធានធម្មជាតិជាច្រើន ហើយអាចធ្វើជាមូលដ្ឋានកងទ័ពការពារសហរដ្ឋអាមេរិក។ រីឯទីប្រឹក្សាផ្សេងទៀតគិតថាទិញកោះនេះមិនចំណេញអ្វីទេដោយសារសព្វថ្ងៃដាណឺម៉ាកចំណាយថវិកាចិញ្ចឹម Greenland ច្រើនជាងចំណូលដែលបានមកវិញ។
សូមបញ្ជាក់ថា Greenland ដែលជាកោះធំជាងគេបំផុតក្នុងពិភពលោក គឺជាតំបន់ស្វយ័តមួយរបស់ប្រទេសដាណឺម៉ាក ដែលមានទំហំផ្ទៃដី ២ ១៦៦ ០៨៦ គីឡូម៉ែត្រការ៉េ។ កោះនេះ គឺពោរពេញទៅដោយរ៉ែ ដែលកាលពីមុនមិនអាចជីកយកបានព្រោះផ្ទៃដីភាគច្រើនគឺគ្របដណ្ដប់ដោយទឹកកក។ អាមេរិកមានមូលដ្ឋានទ័ពអាកាស Thule AFB នៅកោះនេះ ដែលមានផ្ទុកប្រព័ន្ធរ៉ាដាចាប់សញ្ញាសកម្មភាពសត្រូវនៅដែនអាកាសប៉ូលខាងជើង ៕