មុនប្រលងបាក់ឌុបមួយថ្ងៃ សិស្សនៅតែមកបន់ស្រន់នៅរូបសំណាកលោកតាដំបងក្រញូង
បាត់ដំបង៖ ថ្ងៃស្អែក គឺជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាហើយ ចំណែកថ្ងៃនេះសិស្សានុសិស្សដែលជាបេក្ខជនប្រឡង និងលោកគ្រូអ្នកជាអនុរក្ស បានផ្លាស់ទីទៅកាន់ទីរួមខេត្តរៀងៗខ្លួន។ ដូចដែលប្រិយមិត្ត មុនថ្ងៃប្រឡងមកដល់សិស្សានុសិស្សភាគច្រើនបានទៅបួងសួង បន់ស្រន់នៅតាមទីកន្លែងសក្ការៈសក្តិសិទ្ធិផ្សេងៗ ដើម្បីឲ្យពួកគេជោគជ័យក្នុងការប្រឡង។
ងាកមកមើលរូបសំណាកលោកតាដំបងក្រញូងវិញ ហាក់មានភាពមមាញឹកខ្លាំង ដោយសារតែមានសិស្សានុសិស្សទៅបន់ស្រន់យ៉ាងច្រើនកុះករ។ យុវជនម្នាក់សុំមិនបញ្ចេញឈ្មោះ សិស្សមកពីវិទ្យាល័យនេត យ៉ង បានប្រាប់ឲ្យដឹងថា “តាំងពីដូនតារៀងមកយើងមានជំនឿលើការបន់ស្រន់ ទោះបីជាមានចំណេះវិជ្ជាហើយក៏ដោយ ក៏យើងមិនចោលការបន់ស្រន់នេះដែរ”។ ប្អូនថា មុនមកបួងសួងនៅទីនេះ ប្អូនក៏បានទៅបួងសួងម្តងហើយនៅវត្តដងទង់ ដើម្បីឲ្យកាន់តែមានទំនុកចិត្តក្នុងការប្រឡងស្អែកនេះ៕
អត្ថបទ៖ សុខ លាភ