ប្រធាន មន្ទីរសាធារណការ ដកតំណែងមន្ដ្រីមន្ទីរសាធារណការសៀមរាប ដែលលើកជើងចង្អុលស្លាកលេខឡាន

ភ្នំពេញ៖  ក្រោយពីមានការរិះគន់បែកផ្សែងពីលើមន្រ្តីឈាករថយន្ដម្នាក់ ដែលបានបញ្ចេញកាយវិការមិនគួរសមរម្យ លើកជើងចង្អុលស្លាកលេខរថយន្ដរបស់ប្រជាពលរដ្ឋដែលបានមកឈាករថយន្ដ ត្រូវផ្ទេរភារកិច្ចពីអនុប្រធានអង្គភាពចុះបញ្ជីរ និងផ្តល់បណ្ឌយាន្តយន្ត ឲ្យទៅបំរើការនៅ ការិយាល័យ កិច្ចការទូទៅ  នៃមន្ទីរសាធារណការ នឹងដឹកជញ្ជួន ខេត្ត សៀមរាប ។

យោងតាមលិខិតលោក គី វីរិន្ទ ប្រធាន មន្ទីរសាធារណការ នឹងដឹកជញ្ជួន ខេត្ត សៀមរាប ចុះថ្ងៃទី ១៦ សីហា  បានសម្រេចផ្ទេរ ភារកិច្ច លោក ស្រី ស៊ឹម សុផាត ពីអនុប្រធានអង្គភាពចុះបញ្ជីរ និងផ្តល់បណ្ឌយាន្តយន្ត ឲ្យទៅបំរើការនៅ ការិយាល័យ កិច្ចការទូទៅ  នៃមន្ទីរសាធារណការ នឹងដឹកជញ្ជួន ខេត្ត សៀមរាប ។ សាមីខ្លួន ត្រូវមកបង្ហាញខ្លួន នៅការិយាល័យ កិច្ចការទូទៅ រៀងរាល់ម៉ោងធ្វើការ ។

សូមរំលឹកថា កាលពីថ្ងៃ ទី១៦ ខែសីហា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅតាមបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Huy Ou Dom ដែលបានបង្ហោះសារិះគន់ទៅលើមន្រ្តីឈាករថយន្ដម្នាក់ ដែលបានបញ្ចេញកាយវិការមិនគួរសមរម្យ លើកជើងចង្អុលស្លាកលេខរថយន្ដរបស់ប្រជាពលរដ្ឋដែលបានមកឈាករថយន្ដ។  ម្ចាស់គណនេយ្យខាងលើបានសរសេររៀបរាប់ដែលមានខ្លឹមសារទាំងស្រុងថា « មន្រ្ដីឈាកឡានកំពូលឈ្លើយមែន!! ចរិតមន្រ្ដីសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបកំពូលឈ្លើយ យកជើងរបស់ខ្លួនទៅចង្អុលស្លាកលេខ យានយន្ដរបស់គេ ដែលគេស្រលាញ់ ស្ទើរយៈសំពត់ទៅហើយ ថែមទាំងប្រើសម្ដីគួរឲ្យស្អប់ខ្ពើមមិនសាកសម្យជាមន្រ្តីបម្រើសេវាសាធារណៈ នៅកន្លែងឈាករថយន្ដខេត្តសៀមរាបសោះ។ នេះបើយោងតាមប្រជាពលរដ្ឋដែលបានយកឡានទៅឡើងឈាកនៅខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩»កន្លងទៅនេះ ។

អ្នកនាំពាក្យ ក្រសួងសាធារណះការ  បានលើកឡើងថា៖ «ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើសុំការយោគយល់អធ្យាស្រ័យ ចំពោះករណីដែលបានកើតឡើងដូចក្នុងរូបភាពខាងលើនេះ ទោះជាចេតនាក្ដី ឬអចេតនាក្ដី។ យើងខ្ញុំនឹងធ្វើការណែនាំ ឲ្យមន្រ្ដីរូបនោះ ធ្វើការកែសម្រួលឥរិយាបទពេលបំពេញការងារ ដើម្បីកុំឲ្យករណីបែបនេះកើតមានឡើងសាជាថ្មី ហើយប្រសិនបើមានកើតឡើងទៀត យើងខ្ញុំនឹងចាត់វិធានការរដ្ឋបាល តាមនីតិវិធីជាកំហិត»៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds