ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ធ្លាក់ពីលើអាគារកម្ពស់២ជាន់ ស្លាប់យ៉ាងរន្ធត់
(បាត់ដំបង)៖ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីធ្លាក់ពីលើអាគារកម្ពស់២ជាន់ បែកក្បាលស្លាប់ភ្លាមៗតែម្តង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ចំណុចផ្ទះបុរីបន្ទាយគុយសេ ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា សពក្មេងប្រុសនោះមានឈ្មោះ មឿន ប៊ុណ្ណា អាយុ១៤ឆ្នាំ ស្នាក់នៅផ្ទះលេខ១៣១ ក្រុមទី៣ ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងរងគ្រោះ និងក្មេងប្រុស២នាក់ទៀត បាននាំគ្នាលួចឡើងចូលផ្ទះបុរីដែលម្ចាស់គេចាក់សោទ្វារទុកចោល ស្រាប់តែក្រោយមកមានក្មេងប្រុសដែលត្រូវជាប្អូនបង្កើតរបស់ក្មេងរងគ្រោះ ស្រែកយំឲ្យគេឯងជួយ ទើបឃើញក្មេងរងគ្រោះស្លាប់នៅខាងក្រោមតែម្តង តែដោយសារមិនអស់ចិិត្ត គ្រួសារបានយកកូនរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ក្នុងក្រុងបាត់ដំបង តែគ្រូពេទ្យប្រាប់ថា ក្មេងបានស្លាប់ហើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុទៅលើសាកសព បានឲ្យដឹងថា ក្មេងធ្លាក់ស្លាប់ពីលើជាន់ទី២ មិនមែនឃាតកម្មអ្វីនោះទេ និងបានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕