សម្តេច ស ខេង ជំរុញអភិបាល​រាជធានី​ខេត្ត បង្កើនប្រសិទ្ធភាពនៃការសម្រុះសម្រួល និង​ដោះស្រាយ​ទំនាស់​ដីធ្លី

(​ភ្នំពេញ​)៖ បន្ទាប់ពីមានបញ្ហា​ទំនាស់​ដីធ្លី និង​ការទន្ទ្រាន​មិន​ស្របច្បាប់ ដើម្បី​កាន់កាប់​ដីធ្លី នៅតាម​រាជធានី​ខេត្តសម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ដល់​អភិបាល​រាជធានី​ខេត្ត ត្រូវ​ជំរុញ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការសម្រុះសម្រួល និង​ដោះស្រាយ​​។

យោងតាម​លិខិត ៣ ទំព័រ ចុះ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ ជូន​អភិបាល​រាជធានី​ខេត្ត សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា កន្លងមក ក្រសួងមហាផ្ទៃ បានកត់សម្គាល់​ឃើញថា បញ្ហា​ទំនាស់​ដីធ្លី​មួយចំនួន នៅតាម​រាជធានី ខេត្ត ដែល​បានកើត​ឡើងជា​ច្រើន​ឆ្នាំ​មកហើយ តែ​មិនទាន់បាន​សម្រុះសម្រួល និង​ដោះស្រាយ​ឲ្យ​បាន​ចប់​ជា​ស្ថាពរ​នៅឡើយ​។ ករណីខ្លះ ប្រជាពលរដ្ឋ ដែលមាន​បញ្ហា​ទំនាស់​ដីធ្លី​ទាំងនោះ បានមក​ប្រមូលផ្តុំ​គ្នា​តវ៉ា និង​សុំ​ដាក់​ញត្តិ​ជូន​ស្ថាប័ន​កំពូល​របស់​ជាតិ និង​ក្រសួង​ពាក់ព័ន្ធ នៅ​រាជធានី​ភ្នំពេញ ជាពិសេស​បានដាក់​ញ្ញត្តិ​ស្នើសុំ​ការអន្តរាគមន៍​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ជួយ​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ពួកគាត់​។​

​សម្តេច បញ្ជាក់ថា នៅ​មុនពេល​បោះឆ្នោត​ម្តងៗ ក្រុម​ឱកាសនិយម​មួយចំនួន តែងតែ​ឆ្លៀត​ធ្វើ​សកម្មភាព​រំលោភ​ទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ ដីព្រៃ​ឈើ និង​ដីធ្លី ដែលមាន​ម្ចាស់​គ្រប់គ្រង​ផងដែរ​។ ដូច្នេះ ដើម្បី​ជំរុញ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការសម្រុះ​សម្រួល និង​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី នៅតាម​រាជធានី​ខេត្ត ការបង្ការ​ទប់ស្កាត់​ការចូល​ទន្ទ្រាន មិន​ស្របច្បាប់ ដើម្បី​កាន់កាប់​ដីធ្លី សំដៅ​ពង្រឹង​នីតិរដ្ឋ និង​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​បានល្អ​ប្រសើរ ។

លោកបន្ថែមថា ក្រសួងមហាផ្ទៃ សូម​ធ្វើ​ការណែនាំ​ដល់​រដ្ឋបាល​រាជធានី​ខេត្ត ត្រូវ​ប្រើប្រាស់​យន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លី ដែលមាន​ស្រាប់ នៅ​ថ្នាក់​រាជធានី​ខេត្ត ត្រូវ​អប់រំ ណែនាំ និង​បកស្រាយ​បំភ្លឺ​អំពី​ស្ថានភាព​នៃ​ការកាន់កាប់​ដីធ្លី ស្ថានភាព​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ និង​ឆ​ន្ទះ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ប្រឹងប្រែង​ដោះស្រាយ​ជម្លោះ ឬ​ការទាមទារ​តវ៉ា​អំពី​បញ្ហាដីធ្លី ត្រូវ​បង្កើន​ការតាមដាន និង​គ្រប់គ្រង​សភាពការណ៍​វិវត្តន៍​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី នៅតាម​ខេត្ត​នីមួយៗ​ឲ្យ​បាន​ហ្មត់ចត់ ត្រូវ​ណែនាំ​ដល់​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ឲ្យ​រក្សាបាន​នូវ​ភាព​អត់ធ្មត់ នៅក្នុង​ការបំពេញ​ការងា​រពាក់​ព័ន្ធ​នឹង​បញ្ហា​ទំនាស់​ដីធ្លី ឬ​ការទាមទារ​តវ៉ា​នានា​របស់​ប្រជាពលរដ្ឋ​អំពី​បញ្ហាដីធ្លី ដើម្បី​បញ្ជៀ​សបាន​នូវ​អំពើហិង្សា ជាដើម​៕​

អត្ថបទ ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds