ក្រុមហ៊ុនចិន ចង់វិនិយោគលើប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់នៅក្រុងព្រះសីហនុ
(ព្រះសីហនុ)៖ ក្នុងជំនួបពិភាក្សាជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លោក Lu Guo Bing អគ្គនាយកក្រុមហ៊ុន Yunnan ចិន មានប្រសាសន៍ថា ក្រុមហ៊ុនមានគោលបំណងវិនិយោគលើប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ស្របពេលដែលខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន ទាមទារនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ពិសេសប្រពន្ធ័លូទឹកភ្លៀង និងលូទឹកកខ្វក់ ដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថានទីក្រុងពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។
លោក Lu Guo Bing បញ្ជាក់ថា ក្រុមហ៊ុនលោកបានមកសិក្សាខ្លះៗនូវប្រព័ន្ធលូទាំងពីរប្រភេទនេះ នៅក្រុងព្រះសីហនុ តាំងពីឆ្នាំ២០១៣ ក៏ប៉ុន្តែមិនទាន់បានលម្អិត និងស៊ីជម្រៅនោឡើយ។ ប្រសិនបើរដ្ឋបាលខេត្តអនុញ្ញាត ក្រុមហ៊ុនលោកនឹងសិក្សាប្លង់លម្អិត ដើម្បីដាក់ជូនរដ្ឋបាលខេត្ត ធ្វើការពិនិត្យ ។
ជាការឆ្លើយតប លោក គួច ចំរើន បានស្វាគមន៍គម្រោងវិនិយោគប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ក៏ប៉ុន្តែក្រុមហ៊ុនត្រូវមានផែនការ គម្រោងប្លង់គោល ថាតើមានប្រព័ន្ធលូទឹកភ្លៀងប៉ុន្មានគីឡូម៉ែត្រ លូទឹកកខ្វក់ប៉ុន្មានគីឡូម៉ែត្រ ទំហំលូ មុខកាត់ប៉ុន្មានម៉ែត្រ ស្ថានីយចម្រោះប៉ុន្មានកន្លែង បំពាក់ម៉ាស៊ីនក្នុងអាងចម្រោះ ហើយការសាងសង់រយៈពេលប៉ុន្មានខែ ឆ្នាំ និងតម្លៃ ដើម្បីឱ្យរដ្ឋបាលខេត្តយកដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ វាយតម្លៃ អនុម័ត ។
ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ក៏បានស្នើឱ្យក្រុមហ៊ុន សិក្សាឱ្យបានចប់មុនថ្ងៃ២៧ ខែសីហា ឆ្នាំ២០១៩ ដើម្បីយកទៅដាក់ជូនក្រសួងសេដ្ឋកិច្ច សិក្សាវាយតម្លៃថា តើគម្រោងនេះអាចទទួលយកបាន ឬមិនបានតាមលក្ខណៈជាក់ស្តែង ដើម្បីកែលម្អសោភ័ណភាពបរិស្ថានក្រុងទេសចរណ៍នាទិសនិរតីមួយនេះ៕
អត្ថបទ និងរូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ