ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់កើនដល់ ៥១នាក់ ហើយផ្ទះចំនួន ៤,០០០ខ្នង ត្រូវជន់លិចនៅភូមា

(ភូមា)៖ យោងតាម AFP បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការបាក់ដីបានកើនឡើងដល់ ៥១នាក់ ខណៈផ្ទះប្រជាជនច្រើនជាង ៤,០០០ខ្នង ត្រូវលិចចូលក្នុងទឹក។ កងទ័ពត្រូវបានគេដាក់ពង្រាយនៅផ្នែកដែលរងគ្រោះបំផុតដោយទឹកជំនន់ ដើម្បីជំនួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ បន្ទាប់ពីទឹកជំនន់បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ជាប់គាំង ហើយភាគច្រើននៅភាគខាងត្បូងនៃប្រទេស។ ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យផ្នែកផ្សេងទៀតនៃរដ្ឋមន ការ៉ែន និងកាឈិន ជន់លិចផ្លូវថ្នល់ បំផ្លាញស្ពាន និងបង្ខំឱ្យប្រជាជនភៀសខ្លួនតាមទូក។

រូបភាពក៏បានបង្ហាញដែរថា អ្នកស្រុកបានហែលទឹក និងដាក់ទ្រព្យសម្បត្តិរបស់ពួកគេលើទូកតូចៗ ហើយជិះទូកទៅទីខ្ពស់ៗ។ ទឹកជំនន់បានជន់លិចផ្ទះជាង ៤,០០០ខ្នង នៅក្នុងរដ្ឋ ហើយប្រជាជនជាង ២៥,០០០នាក់ បានស្វែងរកទីជំរកតាមវត្តនានា។ ហើយបើយោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា មនុស្សប្រមាណ ៨៩,០០០នាក់ នៅភូមាត្រូវផ្លាស់ទីលំនៅ ដោយសារទឹកជំនន់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds