ក្រុមហ៊ុន APPLE នឹងផ្ដល់ប្រាក់រង្វាន់ចំនួន ១លានដុល្លារអាមេរិក ដល់ HACKER ណាដែលអាចបំបែកប្រព័ន្ធសន្តិសុខរបស់ខ្លួន
ក្រុមហ៊ុន Apple នឹងផ្តល់ប្រាក់រង្វាន់ចំនួន ១លានដុល្លារអាមេរិក ដល់ហេគឃឺរ (Hacker) ដែលអាចបំបាក់ប្រព័ន្ធការពារសន្តិសុខរបស់ក្រុមហ៊ុន ដោយការបញ្ជាពីចម្ងាយ (remote) ចូលទៅក្នុងស្មាតហ្វូន iPhone ។ ការពិតទៅកម្មវិធីនេះមានឈ្មោះថា «Bug bounty program» ដែលកាលពីមុន វានឹងផ្ដល់រង្វាន់ជូន Hacker រហូតដល់ ២០០,០០០ដុល្លារអាមេរិក ប្រសិនបើពួកគេអាចបំបែកវាបាន ប៉ុន្តែលើកនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះនឹងបន្ថែមប្រាករង្វាន់រហូតដល់ ១លានដុល្លារអាមេរិក តែម្ដង។ នេះបើយោងតាមលោក Ivan Krstić ប្រធានផ្នែកសុវត្ថិភាពរបស់ក្រុមហ៊ុន Apple បានប្រកាសនៅក្នុងសន្និសិទសុវត្ថិភាពបច្ចេកវិទ្យា Black Hat នៅឯ Las Vegas កាលពីថ្ងៃព្រហស្បតិ៍។
ដោយសារមានការរំលោភលើសន្តិសុខកាន់តែខ្លាំងឡើង នាយកប្រតិបត្តិ Apple លោក Tim Cook បានហៅភាពឯកជននេះថា ជា «សិទ្ធិមនុស្ស» និងបានបញ្ជាក់យ៉ាងច្បាស់ថា Apple ពិតជាយកចិត្តទុកដាក់ក្នុងការមិនប្រមូលព័ត៌មានផ្ទាល់ខ្លួន និងរក្សាអតិថិជនរបស់ខ្លួនចំនួន ២ពាន់លាននាក់ នៅជុំវិញពិភពលោកឱ្យមានសុវត្ថិភាពពីពួក Hacker ។ លោក Tim Cook បាននិយាយថា៖ «នេះមិនមែនជាអ្វីដែលយើងទើបតែបានចាប់ផ្តើមកាលពីសប្តាហ៍មុន នៅពេលដែលយើងបានឃើញនូវអ្វីដែលកើតឡើងនោះទេ យើងបានធ្វើវាអស់រយៈពេលជាច្រើនឆ្នាំមកហើយ»។