ចំនួនអ្នកស្លាប់កើនដល់២៨នាក់ ដោយព្យុះទីហ្វុងឡេគីម៉ាវាយប្រហារនៅភាគខាងកើតប្រទេសចិន
(ប៉េកាំង)៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១នេះ បានឲ្យដឹងថា អាជ្ញាធរមូលដ្ឋានចិន បានឲ្យដឹងថានៅព្រឹកថ្ងៃអាទិត្យ (១១សីហា)ថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងឈ្មោះ Lekima បានកើនឡើងដល់២៨នាក់ នៅភាគខាងកើតប្រទេសចិន ខណៈដែលក្រុមជួយសង្គ្រោះបានធ្វើការស្វែងរកទីតាំងដែលបាត់ខ្លួន បន្ទាប់ពីព្យុះនេះបានវាយប្រហារ បណ្តាលឲ្យមានការបាក់ដីនិងបង្ខំឲ្យប្រជាជនជាង១លាននាក់ជម្លៀសខ្លួនចេញ។
គួរបញ្ជាក់ថា ព្យុះបិសាចនេះបានមកដល់ទីក្រុងវេនលីងនៅដើមថ្ងៃសៅរ៍សប្តាហ៍នេះ មានខ្យល់បក់១៨៧ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយមានរលកកម្ពស់ជាច្រើនម៉ែត្របោកបក់លើឆ្នេរសមុទ្រ។
គួរជម្រាបថា កាលពីថ្ងៃសៅរ៍ ស្ថានីយ៍ទូរទស្សន៍ជាតិស៊ីស៊ីធីវី បានឲ្យដឹងថា មនុស្ស១៨ នាក់បានស្លាប់ដោយសារការរអិលបាក់ដីដែលបង្កឡើងដោយព្យុះភ្លៀងនៅទីក្រុងវេនចូវ ចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រខាងត្បូងទីក្រុងសៀងហៃ។
យ៉ាងណាមិញ គេនៅមិនទាន់ច្បាស់ទេថាតើការស្លាប់ចំនួន១០ នាក់ទៀតដែលបានប្រកាសកាលពីថ្ងៃអាទិត្យបណ្តាលមកពីឧប្បត្តិហេតុដូចគ្នានេះដែរឬទេ។
តែប៉ុន្តែបើយោងតាមអាជ្ញាធរខេត្តហ្សេជាំង បានឲ្យដឹងថា មនុស្ស២០នាក់កំពុងបាត់ខ្លួននៅឡើយ។
មិនតែប៉ុណ្ណោះ បើតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួបានរាយការណ៍ថា មនុស្សជាង១លាននាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេមុនពេលព្យុះនេះមកដល់ និងមនុស្សប្រហែល១១ ម៉ឺននាក់ត្រូវបានគេដាក់នៅក្នុងជម្រក៕