រដ្ឋបាលខេត្តកោះកុង បានជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជន សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់នៅរដូវវស្សានេះ
(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ មេត្តាជ្រាបដោយក្នុងភូមិសាស្ត្រខេត្តកោះកុងក្នុងរដូវវស្សានេះមានភ្លៀងច្រើនធ្លាក់ជាបន្តបន្ទាប់ បណ្តាលឱ្យភូមិសាស្រ្តមួយចំនួនដែលជាប់មាត់សមុទ្រ ដងព្រែក ស្ទឹង អូរ ដែលមានកម្ពស់ទឹកភ្លៀងឡើងខ្ពស់ និងកន្លែងខ្លះមានទឹកហូរធ្លាក់ពីលើភ្នំហូរកាត់ផ្លូវលេខ៤៨ និងអាចមានដីបាក់ និងថ្មធ្លាក់មកលើផ្លូវ។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា ជាក់ស្តែងនៅថ្ងៃទី០៩ ខែសីហា មានទឹកធ្លាក់ពីលើភ្នំហូរកាត់ផ្លូវជាតិលេខ៤៨ ត្រង់ចំណុច PK131-132 ក្បែរស្ពានភូមិដខូង ហៅស្ពានតាតៃ ដោយមានបាក់ដី និងដុំថ្មខ្លះៗ មកលើទ្រូងថ្នល់។ ប៉ុន្តែភ្លាមៗនេះ បញ្ហានេះក៏ត្រូវបានអាជ្ញាធរខេត្តសហការ ជាមួយអាជ្ញាធរស្រុកកោះកុង និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចុះទៅដល់ទីតាំង និងយកគ្រឿងចក្រទៅកៀ និងកាយប្រឡាយទឹកដោយមបានសម្រួលចរាចរណ៍ធ្វើដំណើរប្រក្រតី។
រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ថា ដើម្បីបង្ការ និងជៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុអំឡុងពេលភ្លៀងធ្លាក់ ក្នុងរដូវវស្សានេះ អាជ្ញាធរខេត្ត សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន នូវការជន់លិច នៅតាមតំបន់មួយចំនួន និងសូមអ្នកបើកបរធ្វើដំណើរតាមដងផ្លូវជាតិលេខ៤៨ មេត្តាមានការ ប្រុងប្រយ័ត្នខ្ពស់ ក្នុងការបើកបរ៕
សូមអានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង ដែលមាននៅខាងក្រោម៖