តៃវ៉ាន់ជួបខ្យល់ព្យុះផង ររញ្ជួយដីផងក្នុងថ្ងៃនេះ!
ខ្យល់ព្យុះដ៏ខ្លាំងមួយឈ្មោះ Lekima នឹងវាយប្រហារតៃវ៉ាន់នៅយប់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីព្រឹកមិញ កោះមួយនេះបានរងការវាយប្រហារពីរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័ររួចមកហើយ។
ការិយាល័យអាកាសធាតុតៃវ៉ាន់ បានប្រកាសថា ព្យុះ Lekima ដែលជាព្យុះដ៏ខ្លាំងបំផុត ត្រូវបានរំពឹងថា នឹងទៅដល់ឆ្នេរសមុទ្រភាគឦសាន ដែលអាចបង្កជាការបាក់ដី និងរលកសមុទ្រខ្ពស់ៗ។ ក្នុងពេលខិតជិតដល់តៃវ៉ាន់ ព្យុះនឹងនាំមកនូវកម្លាំងខ្យល់ ២២៧គីឡូម៉ែត្រក្នុងមួយម៉ោង។
ការិយាល័យអាកាសធាតុនេះ បានព្រមានពីខ្យល់ និងភ្លៀងខ្លាំងដែលអាចកើតមកដល់ក្រុងតៃប៉ិ ក្រុង Keelung និងតំបន់នៅភាគខាងជើងមួយចំនួន ព្រមទាំងជះឥទ្ធិពលដល់តំបន់ឆ្នេរភាគខាងកើត និងខាងត្បូងផងដែរ។
សូមជម្រាបដែរថា រញ្ជួយដីកាលពីព្រឹកមិញនេះ គឺបានកើតឡើងនៅស្រុក Yilan ភាគឦសាននៃកោះតៃវ៉ាន់ ដែលបណ្តាលឱ្យស្រ្តីម្នាក់បានស្លាប់ ហើយផ្ទះជាង ១ម៉ឺនខ្នងត្រូវបានកាត់ផ្តាច់ថាមពល៕
ប្រភព៖ Channelnewsasia