ទាហានម្នាក់ទាញកាំភ្លើងបាញ់ប្រពន្ធជាច្រើនគ្រាប់​ បណ្តាលឲ្យរបួសធ្ងន់ ដោយសារតែភ្លើងប្រចណ្ឌ

(ភ្នំពេញ)៖ ករណីជនសង្ស័យជាប្តី បានបាញ់ប្រពន្ធរបស់ខ្លួនដល់ទៅ៨គ្រាប់ តែត្រូវជនរងគ្រោះចំនួន៥គ្រាប់ បណ្តាលឲ្យរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នៅក្នុងហាងផឹកស៊ីមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវរទេះភ្លើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យ និងជនរងគ្រោះ បានរស់នៅបែកគ្នា ដោយជនសង្ស័យរស់នៅជាមួយកូន២នាក់នៅខេត្ត ឯប្រពន្ធនៅភ្នំពេញ ដោយ ជនសង្ស័យ ជាទាហាន ចំណែកជនរងគ្រោះជាអ្នករកស៊ី។ ហើយមុនពេលកើតហេតុជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះមកជួបហូបអីនៅទីតាំងកើតហេតុ ក៏កើតមានហេតុរឿងប្រចណ្ឌ ធ្វើឲ្យជនសង្ស័យបានដកកាំភ្លើងខ្លីមួយដើមម៉ាក K59 បានបាញ់សំដៅប្រពន្ធខ្លួនឯង៨គ្រាប់ ត្រូវជនរងគ្រោះ៥គ្រាប់ (ចង្កេះ២គ្រាប់ ទ្រូងខាងឆ្វេង១គ្រាប់ ពោះ១គ្រាប់ និងដៃស្តាំ១គ្រាប់)។

បន្ទាប់ពីមានករណីនេះកើតឡើងជនសង្ស័យបានព្យាយាមបើករថយន្តមួយគ្រឿង ម៉ាក HIGHLANDER ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-6753 រត់គេចចេញពីកន្លែងកើតហេតុ តែត្រូវបានសមត្ថកិច្ចឃាត់បានភ្លាមៗ និងបញ្ជូនខ្លួនទៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរចាត់ការតាមនីតិវិធីច្បាប់។ ចំណែកជនរងគ្រោះរហូតមកទល់ព្រឹកនេះក៏កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds