ក្រសួងមហាផ្ទៃ បច្ចុប្បន្ន ពលរដ្ឋខ្មែរ មានជាង១៥លាននាក់
ភ្នំពេញ ៖ ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ តួលេខបណ្តោះអាសន្ន ជំរឿនទូទៅប្រជាជន នៅកម្ពុជា ឆ្នាំ២០១៩ នៅព្រឹក ថ្ងៃ៧ ខែសីហា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ជំរឿនទូទៅប្រជាជននៅកម្ពុជា បានបង្ហាញលទ្ធផល បណ្ដោះអាសន្ន នៃជំរឿនទូទាំងប្រទេស ចាប់គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ គឺប្រជាជនសរុប តាមវិធីសាស្ត្រឃើញរាប់ (de-facto) មានចំនួន១៥.២៨៨.៤៨៩ នាក់។
សម្ដេច ស ខេង បានប្រកាសផ្សាយ តួលេខបណ្តោះអាសន្ន នៃចំនួនគ្រួសារ ចំនួនប្រជាជនតាមភេទ ខេត្ត-ក្រុង និងដង់ស៊ីតេ ប្រជាជន ដែលអាចប្រើប្រាស់ បានជាបណ្តើរៗ រហូតដល់ការចុងក្រោយ នៃការធ្វើជំរឿនទូទៅ ប្រជាជន គ្រោងនឹងធ្វើនៅ ត្រីមាសទី២ ឆ្នាំ២០២០ ខាងមុខនេះ ។
តាមតួលេខបណ្តោះអាសន្ន ទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជន សរុបតាមវិធីសាស្ត្រ ឃើញរាប់(de-facto) មានចំនួន ១៥.២៨៨.៤៨៩ នាក់ ក្នុងនោះមានប្រុស ៧.៤១៨.៥៧៧ នាក់ និងស្រី ៧.៨៦៩.៩១២ នាក់” ។
សម្ដេចបន្ដថា តាមតួលេខបណ្តោះអាសន្ននេះ ពិនិត្យឃើញចំនួនប្រជាជន កម្រិតថ្នាក់ជាតិ មាននិន្នាការកើនឡើងយឺត ដោយសារអត្រាផ្តល់កំណើត និងអត្រាកំណើន ប្រជាជនបានថយចុះ ស្របតាមការព្យាករណ៍ ដែលបានរំពឹងទុក។ អត្រាកំណើនប្រជាជន ប្រចាំឆ្នាំបានថយចុះ ពី១,៥ភាគរយ ក្នុងចន្លោះឆ្នាំ១៩៩៨ និង២០០៨ មក ១,២ ភាគរយក្នុងចន្លោះឆ្នាំ២០០៨ និង ២០១៩។
រដ្ឋមន្ដ្រីមហាផ្ទៃ ថា ទំហំគ្រួសារជាមធ្យមមាន ៤.៦សម្រាប់ទូទាំងប្រទេស ហើយសូចនាករសំខាន់មួយ ត្រូវយកចិត្តទុកដាក់ គឺដង់ស៊ីតេប្រជាជន ពោលចំនួនប្រជាជន ក្នុងផ្ទៃដីមួយគីឡូម៉ែត្រការ៉េ។ ដង់ស៊ីតេប្រជាជន ស្មើនឹង៨៦ នាក់ ក្នុងផ្ទៃដីមួយគីឡូម៉ែត្រការ៉េ នៅឆ្នាំ២០១៩។ អត្រាភេទគឺជាចំនួន បុរសក្នុងចំណោមស្ត្រី១០០ នាក់។ អត្រាភេទ តាមតួលេខបណ្តោះអាសន្ននៃជំរឿនប្រជាជន ឆ្នាំ២០១៩ មានបុរស៩៤ នាក់ ក្នុងចំណោមស្ត្រី១០០ នាក់ ដោយមិនមានការប្រែប្រួលបើប្រៀបធៀបនឹងឆ្នាំ២០០៨៕
អត្ថបទ៖ សុខ លាភ