លោក សម រង្ស៊ី ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ទាមទារ​ឱ្យ​រដ្ឋាភិបាល រៀបចំការបោះឆ្នោតឡើងវិញ

អតីតប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ទាមទារ​ឱ្យ​រដ្ឋាភិបាល រៀបចំការបោះឆ្នោតជាថ្មីម្ដងទៀត ដោយមាន​វត្តមាន​គណបក្ស​សង្គ្រោះជាតិ។

លោក​បន្ត​ថា តាមរយៈ​ដំណើរការ​ប្រជាធិបតេយ្យ​ដែល​គួរ​ឱ្យ​ទុក​​ចិត្ត​បាន ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ផ្លាស់ប្ដូរ​របប​ដឹកនាំ​បែប​ចាស់​គំរិល​របស់​លោក ហ៊ុន សែន ដោយ​ជំនួស​មកវិញ​នូវ​រដ្ឋាភិបាល​ថ្មី​ដែល​គោរព​នីតិរដ្ឋ និង​ការពារ​ផលប្រយោជន៍​ពលរដ្ឋ​ពិតប្រាកដ​។ លោក​បញ្ជាក់​ថា រឿង​ដំបូង​ដែល​ត្រូវ​ធ្វើ​នោះ គឺ​ការលុបចោល​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឱ្យ​ចិន​បោះ​ទីតាំង​ទ័ព​នៅ​លើ​ទឹកដី​ខ្មែរ។

អត្ថបទ​ចុះផ្សាយ​នៅ​លើ​គេហទំព័រ Project Syndicate លោក សម រង្ស៊ី សរសេរ​រៀបរាប់​ ថា ហេតុផល​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ អនុញ្ញាត​ឱ្យ​ចិន​តាំង​មូលដ្ឋានទ័ព​លើ​ទឹកដី​ខ្មែរ​នោះ គឺ​ដើម្បី​បន្ត​ជីវិត​នយោបាយ​របស់​ខ្លួន​។ លោក​ជឿជាក់​ថា ពលរដ្ឋ​ខ្មែរ រួម​ទាំង​កងកម្លាំងប្រដាប់អាវុធ​ផង បាន​ឆ្អែត​ចិត្តនឹង​របៀប​ដឹកនាំ​បែប​ផ្ដាច់ការ និង​ពុករលួយ​របស់​លោក ហ៊ុន សែន។ លោក​ថា របប​នេះ​អាច​ទ្រាំ​រស់​បាន​មក​ដល់​ពេល​បច្ចុប្បន្ន គឺ​ដោយសារតែ​ការ​វាយ​បង្ក្រាប​ក្រុម​អ្នកប្រឆាំង​ប៉ុណ្ណោះ។

លោក សម រង្ស៊ី ថា លោក ហ៊ុន សែន ដឹង​ថា ការ​ដាក់​ខ្លួន​រណប​ក្រុង​ប៉េកាំង នឹង​អាច​ជួយ​ការពារ​គាត់​បាន​យ៉ាង​រឹងមាំ​ពី​កងកម្លាំង​ដែល​មិន​ពេញចិត្ត​គាត់ ក៏ប៉ុន្តែ​ទង្វើ​បែបនេះ​នឹង​មក​នូវ​ការខាតបង់​យ៉ាង​ធំធេង ហើយ​មិនបាន​ផ្ដល់​ផល​អ្វី​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ៕
អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds