លោក ត្រាំ នឹងតំឡើង​ពន្ធលើ​ទំនិញ​ចិន​តម្លៃ ៣០០ពាន់​លាន​ដុល្លារ​ផ្សេង​ទៀត

(អាមេរិក)៖ ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់ងារ CNBC បានឲ្យដឹងថា ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សហរដ្ឋអាមេរិក​សម្រេច​ជា​ផ្លូវ​គារ​ដាក់​ពន្ធ ១០ ភាគរយ​បន្ថែម​ទៀត ទៅ​លើ​ទំនិញ​ចិន​ដែល​មាន​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ ដែល​នឹង​មាន​ប្រសិទ្ធភាព​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ១ ខែកញ្ញា នេះ​តទៅ ។

លោក​ត្រាំ​បាន​និយាយ​ថា «​កិច្ច​ពិភាក្សា​ពាណិជ្ជកម្ម​កំពុង​បន្ត ហើយ​ក្នុងអំឡុងពេល​កិច្ចចរចា​សហរដ្ឋ​អាមេរិក​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ១ ខែកញ្ញា ដោយ​ដាក់​ពន្ធ​បន្ថែម​បន្តិចបន្តួច​ត្រឹម ១០% ទៅ​លើ​ទំនិញ​និង​ផលិតផល​មាន​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ ដែល​នាំ​ពី​ប្រទេស​ចិន​ចូល​ក្នុង​ប្រទេស​របស់​យើង​។ យើង​ទន្ទឹងរង់ចាំ​បន្ត​ទៅ​មុខ​នូវ​ការ​សន្ទនា​ជា​វិជ្ជមាន​របស់​យើង​ជាមួយ​ប្រទេស​ចិន​ស្តី​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​ដ៏​ទូលំទូលាយ​មួយ​ហើយ​មាន​អារម្មណ៍​ថា​អនាគត​រវាង​ប្រទេស​យើង​ទាំង​ពីរ​នឹង​ក្លាយជា​រឿង​ដ៏​ភ្លឺស្វាង​មួយ​» ។

​ការ​ប្រកាស​អំពី​ពន្ធគយ​ថ្មី​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង បន្ទាប់​ពី​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​បាន​​ចាប់ផ្តើម​កិច្ច​ពិភាក្សា​ពាណិជ្ជកម្ម​ឡើង​វិញ​នៅ​សៀង​ហៃ​នៅ​ស​ប្តា​ហ៍​នេះ​ដែល​ជា​កិច្ចចរចា​ពាណិជ្ជកម្ម​ដោយ​ផ្ទាល់​លើក​ដំបូង​ចាប់តាំងពី​កិច្ចប្រជុំ​ប្រទេស​សមាជិក G-20 នៅ​ជប៉ុន​នោះ​។ សេត​វិមាន​បាន​និយាយ​​កាលពី​ថ្ងៃ​ពុធ​មុន​ពេល​លោក Trump បាន​បង្ហោះ​លើ Twitter ដោយ​បាន​និយាយ​ថា​កិច្ច​ប្រជុំ​គឺ «​មាន​លក្ខណៈ​ស្ថាបនា​» ដោយ​បន្ថែម​ថា​ប្រទេស​ចិន​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​បង្កើន​ការ​ទិញ​នូវ​ផលិតផល​កសិកម្ម​របស់​សហរដ្ឋអាមេរិក​។ ការ​ចរចា​ពាណិជ្ជកម្ម​នឹង​បន្ត​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នៅ​ដើមខែ​កញ្ញា​ខាង​មុខ​។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​សេត​វិមាន​។

សូមបញ្ជាក់ថា ​ការ​ទិញ​ផលិតផល​កសិកម្ម​របស់​សហរដ្ឋអាមេរិក​ពី​សំណាក់​ប្រទេស​ចិន នៅ​តែ​ជា​ចំណុច​ដ៏​ធំ​មួយ​នៅ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​។ លោក Trump បាន​អះអាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ប្រទេស​ចិន​បាន​យល់ព្រម​ទិញ «​ក្នុង​បរិមាណ​ច្រើន ប៉ុន្តែ​មិន​បាន​អនុវត្ត​នោះ​ទេ​» ។ យ៉ាងណា​ក៏​ដោយ​ប្រទេស​ចិន​បាន​ទទូច​ថា​សណ្តែកសៀង​របស់​អា​មេ​រិ​ករាប់​លាន​តោន​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ប្រទេស​ចិន​ចាប់តាំងពី​ថ្ងៃ​ទី ១៩ ខែ​កក្កដា ហើយ​ក្រុមហ៊ុន​ជា​ច្រើន​បាន​ធ្វើការ​បញ្ជា​ទិញ​សណ្តែកសៀង​អា​មេ​រិ​ក កប្បាស និង​សាច់​ជ្រូក​៕

ប្រភព៖ CNBC

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds