សាកសព​បងធំទីពីរ​ នួន ជា ដឹកយកទៅធ្វើបុណ្យនៅខេត្ត ប៉ៃ លិន

សាកសព នួន ជា ត្រូវបាន​ធ្វើនីតិវិធី​ប្រគល់ជូន​ដល់ក្រុម​គ្រួសារ និងបាន​ដឹកចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​នៅម៉ោង ៤និង៤៧នាទី​ព្រឹក​ព្រលឹម​ថ្ងៃទី៥ ខែ​សីហា ឆ្នាំ​២០១៩។ សព​ជនជាប់ចោទ នួន ជា ត្រូវបាន​ក្រុមគ្រួសារ​យកទៅធ្វើ​បុណ្យ​តាមប្រពៃណី​នៅផ្ទះ​របស់គាត់​នៅខេត្ត​ប៉ៃលិន។ នេះបើតាមការ​បញ្ជាក់​របស់​លោក នេត្រ ភក្ត្រា ប្រធានផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលា​ក្តីខ្មែរក្រហម។

ជន​ជាប់ចោទ នួន ជា អាយុ ៩៣​ឆ្នាំ បានទទួល​មរណភាព​កាលពី​ល្ងាច​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ជនជាប់ចោទ​រូបនេះ ត្រូវបាន​បញ្ជូនពី​មន្ទីរ​ឃុំឃាំង​បណ្តោះ​អាសន្ន​របស់​អង្គជំនុំជម្រះវិសាមញ្ញក្នុង​តុលាការកម្ពុជា (អវតក) ទៅកាន់​មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បី​ក្រុមគ្រូពេទ្យ​ពិនិត្យ​ព្យាបាល​ជំងឺ​តាំងពីថ្ងៃ​ទី២ ខែ​កក្កដា ឆ្នាំ​២០១៩​មក។

នួន ជា កើតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩២៦ មានតួនាទីជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា សមាជិកគណៈ កម្មាធិការអចិន្រៃ្តយ៍ និងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា និងជាប្រធានសភាតំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ។ គាត់ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧ និងបានជំនុំជម្រះក្តីនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ ១៩៤៩ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។

លោកបានបញ្ជាក់ថា នួន ជា ត្រូវបានរកឃើញថា មានពិរុទ្ធភាពពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿង ០០២/០១ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គជំនុំជម្រះតុលាការកំពូល បានបដិសេធពិរុទ្ធភាពមួយចំនួន ប៉ុន្តែតម្កល់ការផ្តន្ទាទោសរបស់អង្គជំនុំជម្រះសាលាដំបូងឲ្យជាប់ពន្ធនាគារអស់មួយជីវិត។

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នួន ជា ត្រូវបានផ្តន្ទាទោសពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ក្នុងសំណុំរឿង ០០២/០២ ជាមួយ ខៀវ សំផន។ អង្គជំនុំជម្រះសាលាដំបូង បានរួមបញ្ចូលទោសជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿង ០០២/០១ និងសំណុំរឿង ០០២/០២ ទៅជាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតតែមួយ៕

ប្រភព៖ kleykley

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds