បងប្អូនពីរនាក់ចាក់គ្នាទាល់តែស្លាប់ ព្រោះតែរឿងវិក្កយបត្រភ្លើងអស់ថ្លៃជាងធម្មតា
(ម៉ាឡេស៊ី)៖ បងប្អូនពីរនាក់បានឈ្លោះប្រកែកគ្នា និងឈានទៅដល់ការចាក់សម្លាប់គ្នាយ៉ាងឃោឃៅ ព្រោះតែរឿងវិក្កយបត្រភ្លើងអស់ថ្លៃជាងធម្មតា។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Perak ភាគខាងជើងប្រទេសម៉ាឡេស៊ី។ ជនដៃដល់ជាប្អូនប្រុសមានអាយុ ៣៥ ឆ្នាំ ហើយជនរងគ្រោះដែលបានស្លាប់នោះត្រូវជាបងប្រុសបង្កើតរបស់ជនដៃដល់ និងមានអាយុ ៣៧ ឆ្នាំ។ ជនរងគ្រោះ និងជនដៃដល់រស់នៅមួយម្តាយជុំគ្នាក្រោមដំបូលផ្ទះតែមួយ។ វិក្កយបត្រភ្លើងនៅក្នុងគ្រួសារមួយនេះហាក់អស់ច្រើនជាងធម្មតានៅក្នុងខែនេះ ហើយហេតុផលនេះបានធ្វើឲ្យស្រ្តីជាម្តាយស្តីបន្ទោសឲ្យកូនដែលជាជនដៃដល់យ៉ាងខ្លាំង ព្រោះតែគេប្រើភ្លើងមិនសន្សំសំចៃទាល់តែសោះ។
ការស្តីបន្ទោសបានកើតមានខ្លាំងៗឡើង ហើយកូនបងដែលជាជនរងគ្រោះនោះក៏បានមកជួយសម្របសម្រួល។ យ៉ាងណាក្តី ការមកជួយសម្របសម្រួលនេះមិនបានលុបបំបាត់បញ្ហាឡើយ ផ្ទុយទៅវិញវាបានបង្កទៅជាជម្លោះដ៏ធំមួយរវាងប្អូនទាំងពីរ និងបង្កឲ្យមានអំពើហិង្សាមួយកើតឡើងផងដែរ។ ក្នុងអំពើហិង្សានោះប្អូនប្រុសដៃឆៅបានស្ទុះទៅយកកាំបិតមកចាក់បងប្រុសជាច្រើនដងរហូតត្រូវស្លាប់នៅនឹងកន្លែងតែម្តង។ ពេលនេះជនដៃដល់ត្រូវបានប៉ូលិសចាប់ខ្លួន និងត្រូវទទួលទោសតាមផ្លូវច្បាប់ផងដែរ៕