បុគ្គលិកមីហិលខឹងថៅកែបញ្ឈប់ពីការងារ មកវាយបំផ្លិចបំផ្លាញហាង

(កណ្តាល)៖ ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន ក្រោយធ្វើសកម្មភាពបំផ្លាញទ្រព្យហាងមីហឹរ Seoul មួយកន្លែងស្ថិតនៅភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២០ និង៣០ននាទីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩។

ជនសង្ស័យមានឈ្មោះ ឃាង គីមពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងជាអតីតបុគ្គលិកហាងលក់មីហឹរ Seoul ខាងលើ មានទីលំនៅសព្វថ្ងៃនៅភូមិ-ឃុំកើតហេតុ ចំណែកឯជនរងគ្រោះមានឈ្មោះ ឡាង សុធាវី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់ហាងមីហឹរ Seoul មានទីលំនៅសព្វថ្ងៃនៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ  រាជធានីភ្នំពេញ ។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា កន្លងមកជនសង្ស័យ គឺជាបុគ្គលិកធ្វើការក្នុងហាងលក់មីហឹរ Seoul ស្ថិតក្នុងភូមិកើតហេតុខាងលើ ក្រោយមកត្រូវបានជនរងគ្រោះ ជាម្ចាស់ហាង បានបញ្ឈប់ជនសង្ស័យពីការងារ ។ លុះនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២០ និង៣០នាទី ស្រាប់តែជនសង្ស័យ ឃាង គីមពេជ្រ បានទៅក្នុងហាងខាងលើ ដោយបានវាយបំផ្លាញតុ និងជញ្ជាំងហាង ព្រមទាំងគំរាម និងយកដបសាំងទៅបម្រុងដុតហាងទៀតផង ដោយសារតែខឹងនឹងថៅកែបញ្ឈប់ពីការងារ ហើយពុំព្រមទទួលឲ្យចូលធ្វើការវិញ តែពុំបានដុតហាងទេ ក៏បោះដបសាំងចោលក្បែរនោះទៅ រួចត្រូវបានម្ចាស់ហាងធ្វើដំណើរពីភ្នំពេញមកទាំងយប់ រួចរកឃើញដបសាំងនោះ ប្រគល់ជូននគរបាលតែម្ដង។

រហូតដល់ពេលកើតហេតុខាងលើ ស្រាប់តែជនសង្ស័យដដែលខាងលើនេះ មិនខ្លាចរអារ ដើរចូលទៅក្នុងហាងរករឿង រកវាយបុគ្គលិក និងវាយបំផ្លាញតុ កៅអី ក្នុងហាង ខូចខាតមួយចំនួនថែមទៀត តែលើកនេះត្រូវបានបុគ្គលិកក្នុងហាងចាប់ឃាត់ខ្លួនជាប់ រួចប្រគល់ជូននគរបាលតែម្ដង។ បច្ចុប្បន្នជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds