លោក គួច ចំរើន ការដ្ឋានសំណង់៦កន្លែងត្រូវបានអជ្ញាធរផ្អាកបណ្តោះអាសន្ន
(ព្រះសីហនុ)៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ បានបន្តចុះពិនិត្យការដ្ឋានសំណង់នៅខេត្តព្រះសីហនុ ប្រមាណជាង១០កន្លែង។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអោយដឹងថា ការចុះពិនិត្យការដ្ឋានសំណង់នេះដើម្បីស្វែងរកភាពមិនប្រក្រតីនានា ដូចជាការសាង់ដោយគ្មានច្បាប់អនុញ្ញាត ឬសាងសង់មិនស្របទៅតាមស្តង់ដារជាដើម។
លោកអភិបាលខេត្តបន្តថា កាលពីពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានដឹកនាំមន្ត្រីចុះពិនិត្យការដ្ឋានសំណង់ចំនួន៨កន្លែង ក្នុងនោះរកឃើញការដ្ឋានចំនួន៦កន្លែង មានភាពមិនប្រក្រតី ដោយសម្រេចផ្អាកការដ្ឋានជាបណ្តោះអាសន្ន ដូច្នេះទើបថ្ងៃនេះ លោកឧបនាយករដ្ឋមន្ត្រី បន្តចុះពិនិត្យការដ្ឋានសំណង់ជាង១០កន្លែងថែមទៀត៕
អត្ថបទ៖ សុខ លាភ