តារាហូលីវូដ Angelina Jolie បង្ហាញសម្រស់បរិវេណផ្ទះរបស់ខ្លួននៅប្រទេសកម្ពុជា ក្នុងឃ្លីបផ្សាយពាណិជ្ជកម្មទឹកអប់
(បរទេស)៖ បរិវេណលំនៅឋានរបស់តារាហូលីវូដ Angelina Jolie នៅឯប្រទេសកម្ពុជា ត្រូវបានបង្ហាញ នៅក្នុងឃ្លីបផ្សព្វផ្សាយ ពាណិជ្ជកម្មថ្មីមួយរបស់អ្នកនាងអំពីម៉ាកទឹកអប់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយទស្សនាវដ្តី W Magazine នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០១៩។
អ្នកនាង Angelina Jolie បានបន្តរក្សាទំនាក់ទំនងយ៉ាងស៊ីជម្រៅនៅក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែអ្នកនាងមានកូនប្រុសច្បងគេ កើតនៅកម្ពុជាប៉ុណ្ណោះទេ ខ្សែភាពយន្តឆ្នាំ២០១៧ ដែលអ្នកនាងដឹកនាំ មានចំណងជើងជាថា «ដំបូងគេសម្លាប់ឪពុកខ្ញុំ» ក៏រៀប រាប់នូវសម័យកាលដ៏ខ្មៅងងឹតរបស់ប្រទេសកម្ពុជា នៅក្រោមរបបប្រល័យពូជសាសន៍ខ្មែរក្រហមថែមទៀតផង។
អ្នកនាង Jolie ក៏មានលំនៅឋាននៅកម្ពុជាផងដែរ ប៉ុន្តែពុំមានការដឹងលម្អិតជាសាធារណៈឡើយ។ បើតាមក្រុមហ៊ុនទឹកអប់បារាំង Mon Guerlain ឃ្លីបពាណិជ្ជកម្មថ្មីខាងលើ ត្រូវបានថតនៅបរិវេណជុំវិញផ្ទះរបស់អ្នកនាង Angelina Jolie នៅឯប្រទេសកម្ពុជា ដែលស្ថិតក្នុងទីជនបទ។ ក្នុងឃ្លីបរយៈពេល៤៥វិនាទីនោះ ក៏មានប្លង់បន្ទប់គេងដែរ ប៉ុន្តែមិនច្បាស់នោះទេថា តើវាជាបន្ទប់របស់ អ្នកនាង Jolie ឬយ៉ាងណា។
គួរជម្រាបថា អ្នកនាង Angelina Jolie បានយល់ព្រមផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនទឹកអប់ Mon Guerlain ព្រោះវាជាម៉ាកទឹកអប់ ដែលម្តាយអ្នកនាងពេញចិត្តជាងគេ។ រីឯចំណូលទាំងប៉ុន្មានដែលអ្នកនាងទទួលបានពីក្រុមហ៊ុនទឹកអប់នេះ នឹងត្រូវបរិច្ចាគចូល ទៅ ក្នុងមូលនិធិសប្បុរសធម៌៕