ចំណូលពីការលក់សំបុត្រចូលអង្គរ ធ្លាក់ចុះជាង ១០%
(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរចេញផ្សាយកាលពីម្សិលមិញ បានឲ្យដឹងថា ប្រាក់ចំណូលពីការលក់សំបុត្រឲ្យភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនជាង ៦២,៣ លានដុល្លារ ក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០១៩ នេះ ដោយធ្លាក់ចុះ ១០,៥៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកភ្ញៀវទេសចរមានចំនួនជិត ១,៤ លាននាក់ ធ្លាក់ចុះ ៩,៦៧ ភាគរយ។
ចំណែកប្រាក់ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក្នុងខែកក្កដា មានជាង ៦,៥ លានដុល្លារ ធ្លាក់ ១៩,៦៨ ភាគរយ ធៀបនឹងខែកក្កដា ឆ្នាំមុន។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឱ្យដឹងថា ការធ្លាក់ចុះចំនួនភ្ញៀវទេសចរមកទស្សនាតំបន់អង្គរ អាចបណ្តាលមកពីមានការប្រកួតប្រជែងខ្លាំងជាមួយប្រទេសជិតខាង។
លោកស្រីបានថ្លែងថា៖ «កម្ពុជាកំពុងមានការប្រកួតប្រជែងខ្លាំងក្នុងវិស័យទេសចរណ៍ជាមួយប្រទេស ថៃ និងវៀតណាម។ប្រទេសទាំងនោះបានបញ្ចុះតម្លៃសំបុត្រយន្តហោះ ហើយការផ្តល់ទិដ្ឋាការរបស់គេក៏មានភាពងាយស្រួលដែរ។ ម៉្យាងវិញទៀតប្រទេសនៅក្នុងសមាគមអាស៊ានមួយចំនួន គេមិនយកថ្លៃទិដ្ឋាការផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរ»។
លោកស្រីបន្តថា នៅកម្ពុជាការផ្តល់សេវាទិដ្ឋាការដល់ភ្ញៀវមានភាពស្មុគស្មាញ យឺតយ៉ាវ ពិសេសកង្វះជើងហោះហើរត្រង់ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស។
គួររំលឹកថា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា Zero-Dollar Tour កំពុងក្លាយជាចំណែកធ្វើឲ្យចំនួនភ្ញៀវទេសចរបរទេសមកទស្សនាខេត្តសៀមរាបធ្លាក់ចុះ។ ក្រុមហ៊ុនដែលលក់កញ្ចប់ប្រភេទ Zero-Dollar Tour ជាអ្នកបំផ្លាញគោលដៅទេសចរណ៍ខេត្តសៀមរាប៕