រដ្ឋមន្រ្តី​អាមេរិក ប្រាប់​ឱ្យប្រទេស​ដទៃ​យកគំរូ​តាម​កម្ពុជា ក្នុងរឿងច្រានចោល​មូលដ្ឋាន​ទ័ព​ចិន

(ថៃ)៖ តាមការ​ចុះផ្សាយ​របស់​សារព័ត៌មាន Bangkok Post ដែល​បាន​ដកស្រង់​សម្តី​លោក Mike Pompeo ក្នុងសន្និសីទ​សារព័ត៌មាន​ក្នុង​អំឡុង​កិច្ចប្រជុំរដ្ឋមន្រ្តីការ​បរទេស​អាស៊ាន​លើកទី​៥២ នៅក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី១ ខែ​សីហា ឆ្នាំ​២០១៩ ថាលោក Mike Pompeo រដ្ឋមន្រ្តី​ការបរទេស​អាមេរិក បាន​ប្រាប់​ឱ្យប្រទេស​ដទៃ យក​គំរូតាម​កម្ពុជា បន្ទាប់ពី​ប្រទេស​នេះ បាន​ច្រានចោល​នូវការ​ចោទប្រកាន់​ជា​បន្តបន្ទាប់​អំពី​ការ​តាំង​មូលដ្ឋាន​យោធា​ចិន។

លោក​បាន​អំពាវនាវឱ្យ​ប្រទេស​នានា ការពារ​អធិបតេយ្យ​ភាព​របស់ខ្លួន ប្រឆាំងនឹង​ការតាំង​មូលដ្ឋាន​យោធា​របស់​ចិន ពោលគឺ​លោក​សំដៅ​ទៅតំបន់​សមុទ្រ​ចិនខាងត្បូង ជា​កន្លែង​ដែល​ចិន កំពុង​មានវិវាទ​ជាមួយ​ប្រទេស​អាស៊ាន​មួយ​ចំនួន។

លោក Mike Pompeo បាន​បញ្ជាក់​យ៉ាង​ដូច្នេះថា៖ «ក្នុងកិច្ចប្រជុំ​រដ្ឋមន្រ្តី (ការបរទេស) អាស៊ាន-អាមេរិក កម្ពុជា​បាន​បដិសេធ​ចំពោះ​របាយការណ៍​ដែល​ថាខ្លួន​បាន​សម្រេច​ឱ្យ​តាំងមូលដ្ឋាន​យោធា​ចិន​ក្នុង​ប្រទេស។ យ៉ាងណា​ក៏ដោយ យើង​​ស្វាគមន៍​ចំពោះ​ការ​ការពារ​ដ៏រឹងមាំ​របស់​កម្ពុជា​នូវ​អធិបតេយ្យ​ភាព​របស់ខ្លួន​បែបនេះ ហើយ​ជំរុញ​ឱ្យ​ប្រទេស​ដទៃ​យកគំរូ​តាម​កម្ពុជា»។

សូម​រំលឹក​ថា កាលពីខែ​កក្កដា​កន្លងទៅ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ច្រាន​ចោល​ចំពោះ​ការចេញផ្សាយ​របស់ The Wall Street Journal ដែល​ចោទ​ប្រកាន់​កម្ពុជា​ថា បាន​ចុះ​កិច្ច​​ព្រមព្រៀង​ដោយ​សម្ងាត់​មួយ អនុញ្ញាត​ឱ្យ​យោធា​ចិន​ប្រើប្រាស់​ដោយផ្តាច់មុខ​នូវមូលដ្ឋាន​កងទ័ព​ជើងទឹក​រាម ខេត្ត​ព្រះ​សីហនុ៕

ប្រភព៖ Bangkok Post

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds