ម៉ាឡេស៊ី សម្រេចបង្កើនការនាំចូលអង្ករពីកម្ពុជា
(ភ្នំពេញ)៖ ម៉ាឡេស៊ី បានបង្ហាញការរីករាយចំពោះការបង្កើនបរិមាណនៃពាណិជ្ជកម្មកសិកម្មជាមួយកម្ពុជា ដោយភាគីម៉ាឡេស៊ីបានសម្រេចបង្កើនការនាំចូលអង្ករពីកម្ពុជា ហើយកំពុងមានចំណាប់អារម្មណ៍ជាខ្លាំងលើផលិតផលដទៃទៀត ដូចជាម្រេច តាង៉ែន និងប្រេងដូង។ នេះបើតាមការបញ្ជាក់របស់លោក Eldeen Hasaaini bin Mohd ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។
លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា ក្នុងអំឡុងអាណត្តិរបស់លោក នឹងព្យាយាមអស់លទ្ធភាព ធ្វើយ៉ាងណាជំរុញ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យកសិកម្មឲ្យមានការរីកចម្រើន ប្រកបដោយចីរភាពសម្រាប់ជាប្រយោជន៍ដល់ប្រទេសទាំងពីរ។
ក្នុងជំនួបនេះ លោក វេង សាខុន បានលើកឡើងថា កម្ពុជាដែលធ្លាប់ជាប្រទេសគ្មានលទ្ធភាពក្នុងការផ្គត់ផ្គង់ស្បៀងដល់ប្រជាជនខ្លួន មកជាប្រទេសដែលមានអតិរេកស្បៀងជាអង្ករជិត ៤លានតោន និងជាប្រទេសដែលធ្វើការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក។ ពាក់ព័ន្ធនឹងការនាំចេញផលិតផលកសិកម្ម លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថែមទៀតថា គិតត្រឹមខែកក្កដា ឆ្នាំនេះ កម្ពុជាបានធ្វើការនាំចេញផលិតផលកសិកម្មសរុបជាង ២,៣៧លានតោន។
លោករដ្ឋមន្រ្តី សង្ឃឹម និងជឿជាក់ថា តាមរយៈឯកអគ្គរដ្ឋទូត កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មលើផលិតផលកសិកម្ម និងផលិតកម្មសត្វរវាងប្រទេសទាំងពីរ ជាពិសេសវិនិយោគិនម៉ាឡេស៊ីមកវិនិយោគលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា និងការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសម៉ាឡេស៊ី នឹងត្រូវបានជំរុញនិងពង្រីកថែមមួយកម្រិតទៀតប្រកបដោយប្រសិទ្ធភាព។ មួយវិញទៀត លោកក៏បានស្នើដល់ភាគីម៉ាឡេស៊ី ពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តនៃអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្មកម្ពុជា និងក្រសួងកសិកម្មម៉ាឡេស៊ី៕
អត្ថបទ និងរូបថត៖ ក្រសួងកសិកម្ម