មេគយ៖ ក្រុមហ៊ុនដែលនាំកាកសំណល់ប្លាស្ទិកទិក ចូលកម្ពុជា នឹងត្រូវរងការផាកពិន័យជាង១ពាន់លានរៀល
ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី៣០ កក្កដានេះ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអោយដឹងថា រដ្ឋាភិបាល បានដាក់កំហិតឲ្យក្រុមហ៊ុន Chungyuen នាំកាកសំណល់ប្លាស្ទិកចេញពីកម្ពុជា នៅត្រឹមថ្ងៃទី២៤ សីហា។ បើមិនដូច្នេះទេ ក្រុមហ៊ុន នឹងត្រូវរងការផាកពិន័យ១ពាន់លានរៀល។
អាជ្ញាធររកឃើញសំរាមប្លាស្ទិក៨៣ កុងតឺន័រ នៅកំពង់ផៃស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១៦ ខែកក្កដាថ្មីៗនេះ។ សំរាមទាំងនេះ ត្រូវបានក្រសួងបរិស្ថាន អះអាងថា មានប្រភពមកពីកាណាដា និងអាមេរិក។
លោក គុណ ញឹម បញ្ជាក់ថា ក្រុមហ៊ុនChungyuen នាំចូលសំរាមនេះ មានប្រធាន សួន ឡុក ជនជាតិខ្មែរ ដែលបានចុះបញ្ជីដំណើរការក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម ក្នុងទំហំទឹកប្រាក់វិនិយោគ៤០០០លានរៀល៕
អត្ថបទ សុខ លាភ