ថៃទិញនាវាមុជទឹកចម្បាំងពីចិន ក្នុងតម្លៃជិត ៣០០ លានដុល្លារ
ថៃ៖ កងទ័ពជើងទឹកថៃបានធ្វើសន្និសិទ្ធសារព័ត៌មានផ្លូវការមួយមុនការបញ្ជាទិញនាវាមុជទឹកទី ២ របសខ្លួនពីប្រទេសចិន។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មានអេឡិចត្រូនិច BANGKOKPOST បានបញ្ជាក់ថា នាវាមុនទឹកនេះមានតម្លៃ ១២ ពាន់លានបាត (៣៨៩,៣០៤,០០០ ដុល្លារ) ហើយបើយោងតាមផែនការរបស់រដ្ឋាភិបាលថៃបានបង្ហាញថា ការទិញនាវាជាផ្លូវការនៅធ្វើឡើងនៅដើមឆ្នាំ ២០២០ ខាងមុខនេះ។
សូមរម្លឹកជូនថា កាលពីឆ្នាំ ២០១៧ កន្លងទៅនេះ រដ្ឋាភិបាលបានបញ្ជាទិញនាវាមុជទឹកពីប្រទេសចិនមួយគ្រឿងរួចហើយ ដោយនាវាមុជទឹកនោះជានាវាប្រភេទ Yuan Class S26T និងមានតម្លៃរហូតដល់ ១៣.៥ ពាន់លានបាត (៤៣៧,៩៧៣,៧៥០ ដុល្លារ)។ ការបញ្ជាទិញនាវាមុជទឹកតម្លៃរាប់រយលានដុល្លារនេះគឺជាភស្តុតាំងបង្ហាញថា កងទ័ពជើងទឹកថៃមានការរីកចម្រើនគួរឲ្យគត់សម្គាល់ និងកាន់តែរឹងមាំឡើងមិនចាញ់បណ្តាប្រទេសធំៗឡើយ។ បើតាមលោក Yutthasak Sasiprapa រដ្ឋមន្រ្តីក្រសួងការពារជាតិថៃបានប្រាប់អ្នកសារព័ត៌មានថា ការបញ្ជាទិញនាវាខាងលើនេះគ្រាន់តែជាចំណុចចាប់ផ្ដើមនៃការពង្រឹងវិស័យយោធាថៃប៉ុណ្ណោះ ហើយតាមគម្រោងរដ្ឋាភិបាលនឹងចាយលុយជាច្រើនទៀតដើម្បីធានាបាននូវភាពរឹងមាំក្នុងវិស័យយោធាទាំងមូល៕