លោកត្រាំ គំរាមឈប់ទទួលស្គាល់ឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍របស់ចិននៅ WTO
(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ ចុងសប្តាហ៍មុនបានគំរាមថានឹងដកការទទួលស្គាល់ឋានៈ «ប្រទេសកំពុងអភិវឌ្ឍន៍» ពិសេសរបស់ប្រទេស ចិន និងបណ្ដាប្រទេសអ្នកមានផ្សេងទៀតនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) លុះត្រាតែមានការផ្លាស់ប្តូរច្បាប់របស់អង្គការនេះ។
លោក ត្រាំ បានឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា អង្គការពាណិជ្ជកម្មពិភពលោក ប្រើប្រាស់ «វិធាន ២ ផ្សេងគ្នាដែលហួសសម័យរវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ដែលបានអនុញ្ញាតឲ្យសមាជិករបស់ WTO មួយចំនួនទទួលបានអត្ថប្រយោជន៍មិនស្មើភាពគ្នា»។
សេចក្ដីប្រកាសព័ត៌មាននេះបានឲ្យដឹងថា បើគ្មាន «ការរីកចម្រើនប្រកបដោយនិរន្តរភាព» ក្នុងការកែទម្រង់ច្បាប់របស់ អង្គការ WTO ក្នុងរយៈពេល ៩០ ថ្ងៃនោះទេ ទីក្រុងវ៉ាស៊ីនតោននឹងលែងចាត់ទុកជាប្រទេសកំពុងអភិវឌ្ឍន៍ណាមួយថាជាសមាជិករបស់អង្គការ WTO ទៀតហើយ «ដែល [ប្រទេសទាំងនោះ] ប្រកាសមិនត្រឹមត្រូវដោយខ្លួនឯងថាជាប្រទេសកំពុងអភិវឌ្ឍន៍ និងស្វែងរកអត្ថប្រយោជន៍មិនសមរម្យនៃភាពបត់បែនក្នុងច្បាប់ និងការចរចារបស់អង្គការ WTO»៕