សម្ដេច ហ៊ុន សែន ថា អាមេរិក នឹងមិនចេញច្បាប់ដាក់ទណ្ឌកម្មលើកម្ពុជានោះទេ
ភ្នំពេញ៖ ឆ្លើយតបទៅនឹងសភាជាន់ទាបអាមេរិក ដែលបានអនុម័តសេចក្ដីស្នើច្បាប់មួយឈ្មោះ «សេចក្ដីស្នើច្បាប់ស្ដីពីប្រជាធិបតេយ្យនៅកម្ពុជា» ក្នុងគោលដៅដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា អាមេរិក នឹងមិនចេញច្បាប់ដាក់ទណ្ឌកម្មលើកម្ពុជានោះទេ។
ថ្លែងក្នុងដំណើរពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលកំពុងដំណើរការសាងសង់ នៅខណ្ឌជ្រាយចង្វារ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖«លោក ត្រាំ មិនល្ងង់រុញកម្ពុជាចេញទំនាក់ទំនងខ្លួនទេ»។
ទោះបីច្បាប់នេះ មិនទាន់ដល់ដៃលោក ដូណាល់ ត្រាំ ក្តី ប៉ុន្តែសម្ដេច ហ៊ុន សែន ហាក់ដូចជាជឿជាក់ថា ប្រធានាធិបតីអាមេរិក នឹងមិនអនុម័តច្បាប់នេះឡើយ។ សម្ដេច ហ៊ុន សែន ក៏មិនលម្អិតពីមូលហេតុ ដែលនាំឲ្យសម្ដេចសង្ឃឹមបែបនេះដែរ។
លោកនាយករដ្ឋមន្ត្រី បន្ថែមថា ប្រសិនជាអាមេរិកនៅតែចង់ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជាមែននោះ វាក៏មិនប៉ះពាល់ដល់ប្រជាជនកម្ពុជាដែរ ពោលគឺវាគ្រាន់តែប៉ះពាល់មន្ត្រីរដ្ឋាភិបាលប៉ុណ្ណោះ។
ទាក់ទងនឹងច្បាប់ដាក់ទណ្ឌកម្មលើកម្ពុជានេះ ត្រូវបានលោក ថេត យូហូ (Ted Yoho) សមាជិករដ្ឋសភាអាមេរិកម្នាក់ ដែលជាមេផ្តើមគំនិតតាក់តែងច្បាប់នេះតាំងពីអំឡុងខែមេសាមក ដោយបានចេញសេចក្តីថ្លែងការណ៍ស្តីពីការអនុម័តរបស់រដ្ឋសភា។ ក្នុងសេចក្តីថ្លែងការណ៍នោះ សមាជិករដ្ឋសភារូបនេះ បានលើកឡើងថា សេចក្តីស្នើច្បាប់របស់លោក នឹងបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីរដ្ឋាភិបាល មន្ត្រីយោធា និងមន្ត្រីសន្តិសុខ ដែលចូលរួមធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងចំណោមសេចក្តីស្នើច្បាប់ទាំងនោះ មានសេចក្តីស្នើច្បាប់មួយ ត្រូវបានសមាជិកព្រឹទ្ធសភាអាមេរិក តាក់តែងឡើង ដើម្បីជំរុញឲ្យលោក ត្រាំ ផ្អាកប្រព័ន្ធអនុគ្រោះពន្ធ GSP នៅកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍លោក ថេត យូហូ បាននិយាយដូច្នេះថា៖«របបលោក ហ៊ុន សែន បានប្រើអំពើហិង្សា ការគំរាមកំហែង និងការកាត់ទោស ដើម្បីកម្ចាត់ក្រុមប្រឆាំង»។
ឆ្លើយតបទៅនឹងនីតិបញ្ញត្តិអាមេរិក ដោយសម្ដេចនិយាយពន្យុះថា បើរដ្ឋបាលអាមេរិក ចង់ដាក់ ឬចង់ដក ធ្វើតែម្ដងទៅ ហើយកុំនិយាយច្រើន កម្ពុជាមិនស្លាប់ទេ» ។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ៕
អត្ថបទ៖ សុខ លាភ