អភិបាលខេត្ដកំពង់ស្ពឺ៖ យើងមិនរើសអើងនូវជាតិសាសន៍ណាទាំងអស់ ឱ្យតែមកវិនិយោគនៅកម្ពុជា

កំពង់ស្ពឺ៖ យើងមិនរើសអើងនូវជាតិសាសន៍ណាទាំងអស់ ឱ្យតែមកវិនិយោគនៅកម្ពុជា ដើម្បីផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋយើងឱ្យបានកាន់តែច្រើន ។ នេះជាការលើកឡើងរបស់អភិបាលខេត្ដកំពង់ស្ពឺ លោក វ៉ី សំណាង ក្នុងពិធីបើកសម្ពោធផ្ទះល្វែង និងផ្សារត្រាំខ្នារថ្មី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោក វ៉ី សំណាង បានថ្លែងថា «បច្ចុប្បន្ននេះ អ្នកវិនិយោគមកកម្ពុជា គឺមកពីគ្រប់មជ្ឈដ្ឋានទាំងអស់នៅលើពិភពលោក សម្រាប់ទឹកដីនៅខេត្ដកំពង់ស្ពឺ គឺមានអ្នកវិនិយោគរហូត ដល់ទៅ៤៥ប្រទេស ភាគច្រើនជាជនជាតិចិន។ ដោយមកទល់នឹងពេលនេះ នៅកម្ពុជា រោងចក្រ ចំនួន ២៥១ កំពុងដំណើរការ និងមានរោងចក្រជាច្រើនទៀត នឹងលេចរូបរាងនៅខេត្ដកំពង់ស្ពឺបន្ថែម»។

លើសពីនោះ «យើងមានសហគ្រាស ៦,៤០០មូលដ្ឋាន កម្មករកម្មការិនី ដែលជាពលរដ្ឋនៅកំពង់ស្ពឺផ្ទាល់មានចំនួន ជាង១២ម៉ឺននាក់ ដែលកំពុងបម្រើការងារនៅតាមបណ្ដាលរោងចក្រ សហគ្រាស នៅទីនេះ។ បើយើងគិតថា ក្នុងម្នាក់ទទួលបានប្រាក់ខែក្នុងមួយខែ ត្រឹមតែ១លានរៀល ដូចនេះ ថវិកា១២ម៉ឺនលានរៀល ចូលទៅក្នុងហោប៉ៅរបស់ប្រជាពលរដ្ឋយើង»។ នេះបើតាមការលើកឡើង របស់អភិបាលនៃគណៈអភិបាលខេត្ដកំពង់ស្ពឺ ។

ខេត្ដកំពង់ស្ពឺ មានការអភិវឌ្ឍគ្រប់កន្លែង មិនមែនតែរោងចក្រនោះទេ តែយើងនឹងខិតខំប្រឹងប្រែងទាញអ្នកវិនិយោគ ឱ្យមកដាក់ទុនវិនិយោគក្នុងទឹកដីយើងបន្ថែមទៀត ដើម្បីផ្ដល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋយើង ឱ្យបានកាន់តែច្រើន ទៅដល់អ្នកខ្វះការងារធ្វើ។

លោកបន្ដថា «ប៉ុន្ដែរាល់ការរីកចម្រើនទាំងអស់នេះ គឺមិនអាចកាត់ផ្ដាច់ពីនយោបាយបាននោះទេ, ស្ថិតនៅក្រោមម្លប់សន្ដិភាព បើអត់មានម្លប់សន្ដិភាព គឺអត់មានឱកាសរកស៊ីអ្វីទាំងអស់ គឺមានតែរត់ចូលត្រង់សេតែប៉ុណ្ណោះ ដូចកាលក្នុងសម័យប៉ុលពត ៣ឆ្នាំ ៨ខែ២០ថ្ងៃ ។ដូច្នេះ បើនយោបាយយើងអន់ អ្នកដឹកនាំយើងអន់ គឺប្រទេសមានតែសង្គ្រាម នាំគ្នារត់គេតែពីសង្គ្រាមរហូត»។

ទន្ទឹមនឹងនោះ លោក វ៉ី សំណាង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្ដនូវការជឿជាក់ លើការដឹកនាំប្រកបដោយគតិបណ្ឌិត របស់គណបក្សប្រជាជនកម្ពុជា ជាពិសេស សម្ដេចតេជោ ហ៊ុនសែន និងសូមថែរក្សាសុខសន្ដិភាពទាំងអស់គ្នា ដើម្បីប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យតទៅទៀត៕


អត្ថបទ ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds