លោក ឱម យ៉ិនទៀង បកស្រាយករណីដែលឈានដល់ការឃាត់ខ្លួនប្រធានមន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ នឹងបក្សពួក
ភ្នំពេញ៖ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ នៅខេត្តពោធិ៍សាត់ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានអោយដឹងថាការចាប់ខ្លួននេះបន្ទាប់ពីប្រធានមន្ទីរូបនេះបានទាលុយជាថ្នូចេញច្បាប់សាងសង់ចំនួន១០ម៉ឺនដុល្លា។
ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដី ខេត្តពោធិ៍សាត់ ដែលត្រូវចាប់ខ្លួន៣នាក់ដែលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនមានទី១៖ ឈ្មោះ លៀម ប៊ុនរឿន ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់, ទី២៖ ឈ្មោះ ជាង វុទ្ធី អនុប្រធានមន្ទីរទទួលការងារសំណង់,ទី៣៖ ឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក។
ការចាប់ខ្លួនប្រធានមន្ទីរ និងអនុប្រធាន បានធ្វើឡើងនៅភោជនីយដ្ឋានមហាលាប ក្រុងពោធិ៍សាត់ នៅវេលាម៉ោងប្រមាណ៩៖៣៥នាទីព្រឹកម្សិលមិញ ទីដែលលោក និងម្ចាស់ដីជួបគ្នាដើម្បីប្រគល់លុយ និងមន្រ្តីម្នាក់ទៀត ចាប់ខ្លួននៅក្នុងពេលនោះតែម្តង។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ACU បានបញ្ជាក់ថា ករណីពីរដែលឈានដល់ការឃាត់ខ្លួនប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ នឹងបក្សពួក ករណីទី១ ប្រធានមន្ទីរបានទារលុយគេ ៤ម៉ឺនដុល្លារ តែគេមិនព្រម ករណីមួយទៀត ប្រធានមន្ទីរនេះ បានទារគេដល់ ១០ម៉ឺនដុល្លារ ទើបចេញច្បាប់សាងសង់ឲ្យគេ ហើយត្រូវកក់ភ្លាម ៥០% ( ៥ម៉ឺនដុល្លារ )។
លោក ឱម យ៉ិនទៀង បន្តថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ អ្នកស្នើសុំច្បាប់សាងសង់ បានកក់ ៥០០០ ដុល្លារ នៅបន្ទប់ការិយាល័យរបស់ប្រធានមន្ទីរនោះតែម្តង។ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ អ្នកសុំច្បាប់សាងសង់ កក់ឲ្យ ៤ម៉ឺន ៥ពាន់ដុល្លារទៀត បង្គ្រប់ ៥០% នៅភោជនីយដ្ឋានមហាលាភ ទើបអង្គភាពប្រឆាំងអំពើពុករលួយ អបព នាំខ្លួនមកតែម្តង។
ជាមួយនឹងការលើកឡើងខាងលើ លោក ឱម យ៉ិនទៀង ក៏បានបញ្ជាក់ថា ប្រធានមន្ទីររៀបចំដែនដី នរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ នៅមានរឿងរំលោភអំណាចទៀត។
សូមរម្លឹកថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ លោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដឹកនាំកម្លាំងសមត្ថកិច្ចឃាត់ខ្លួនលោក លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដី នរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ នៅភោជនីយដ្ឋានមហាលាប ក្រុងពោធិ៍សាត់ កន្លែងដែលលោក និងម្ចាស់ដីជួបគ្នា ដើម្បីប្រគល់លុយ។
ប្រភពពីសមត្ថកិច្ចខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ក្រោយការចាប់ខ្លួនប្រធានមន្ទីរសុរិយោដី ខេត្តពោធិ៍សាត់ កម្លាំងជំនាញ បានយកមកសួរនាំនៅភ្នំពេញ៕
អត្ថបទ៖ សុខ លាភ