រដ្ឋបាលក្រុងព្រះសីហនុ ស្នើម្ចាស់សំណង់ ដែលសាងសង់រំលោភលើផ្លូវ៨២១អាកន្លងមក រុះរើចេញដោយខ្លួនឯង រយៈពេល៧ថ្ងៃ
ព្រះសីហនុ៖ អាជ្ញាធរនឹងអនុវត្តការពង្រីក និងចាក់បេតុងថ្មីលើផ្លូវលេខ ៨២១អា (ផ្លូវទូរទស្សន៍ខ្សែកាប) តាមទំហំប្លង់ប្រព័ន្ធប្រវែងទទឹង ៨ម៉ែត្រ ចាប់ពីចំណុចបំបែកពីផ្លូវជាតិលេខ៤ ជាប់ស្ថានីយ៍ប្រេង ភី.ធី.ធី ភូមិ២សង្កាត់លេខ១ រហូតដល់ផ្លូវមិត្តភាពអូរ១ ភូមិ៥ សង្កាត់លេខ៤។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ ។
តាមលិខិតរបស់រដ្ឋបាលក្រុងព្រះសីហនុ បានអោយដឹងថា ការពង្រីកផ្លូវខាងលើនេះ គឺដើម្បីរួមចំណែកលើការងារអភិវឌ្ឍមូលដ្ឋានឲ្យមានភាពល្អប្រសើរ និងដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួលជាងមុន។
ជាមួយនេះដែររដ្ឋបាលក្រុងក៏បានស្នើយ៉ាងទទូចដល់ប្រជាពលរដ្ឋជាម្ចាស់សំណង់ទាំងឡាយ ដែលបានសាងសង់សំណង់ផ្សេងៗរំលោភលើដីចំណីផ្លូវកន្លងមក សូមមេត្តារុះរើសំណង់ទាំងនោះចេញដោយខ្លួនឯង រយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ជាកំហិត ដើម្បីឲ្យក្រុមការងារដំណើរការស្ថាបនាផ្លូវតាមទំហំក្នុងប្លង់ប្រព័ន្ធជូនសាធារណជន បានប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ក្នុងករណីប្រជាពលរដ្ឋជាម្ចាស់សំណង់ដែលមានការពាក់ព័ន្ធ មិនបានអនុវត្តតាមសេចក្តីជូនដំណឹងខាងលើនេះទេ រដ្ឋបាលក្រុងនឹងចាត់វិធានការចុះរុះរើសំណង់ទាំងនោះ ដោយមិនទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈនោះឡើយ៕
អត្ថបទ៖ សុខ លាភ