រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រតិកម្មជាមួយការចុះផ្សាយថា អ្នកកាសែតទាំងអស់ទទួល​​បានសិទ្ធិ​ការពារ​មិនជាប់គុកទេ

ភ្នំពេញ៖ បន្ទាប់ពីឃើញមានការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម នូវសំដីរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន​ដែលគេកាត់ចេញមួយកំណាត់ ដោយច្បិចយកតែពាក្យថា អ្នកកាសែតទាំងអស់​បានទទួល​សិទ្ធិ​ការពារ​មិនជាប់គុកទេ ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារិទ្ធ បានសរសេរនៅក្នុងបណ្តាញហ្វេសបុក នៅរសៀល​ថ្ងៃនេះ​ថា ខ្ញុំមានកាតព្វកិច្ចបំភ្លឺចំណុចនេះ ដើម្បីចៀសវាងអ្នកកាសែតវ័យក្មេងយើង និង ពិសេស​អ្នកកាសែ​ត​ដែល​មិនបានចូលសាលា មានការភ័ន្តច្រលំនាំដល់មានកំហុស ។ ដំបូង ខ្ញុំចង់បញ្ជាក់ថា អ្នកកា​សែត​គឺជាពលរដ្ឋម្នាក់ ជាពលរដ្ឋម្នាក់មានន័យថានៅក្រោមច្បាប់របស់រដ្ឋដែលខ្លួនកំពុងរស់នៅ ឬ កំពុងបំពេញសកម្មភាព ។

លោកបន្ថែមថា រដ្ឋបានផ្តល់សិទ្ធិមួយចំនួនដល់អ្នកកាសែត ព្រោះនេះជាអ្នកដែល​បំរើសកម្មភាព​សង្គម​មួយ (ស្វែងរកព័ត៌មានពិត) ។ នៅពេលអ្នកកាសែត«សំដែងមតិ» នេះ គេមិនអាចយក​អ្នកកាសែត​ទៅ​ដាក់​ពន្ធនាគារបានទេ តែការ«សំដែងមតិ» មិនរាប់បញ្ចូល «ការមួលបង្កាច់ ការបរិហារកេរ្តិ៍….» ទេ ។ មួយ​វិញទៀត គេមិនត្រូវប្តឹងស្មេរអត្ថបទទេ តែគេប្តឹងត្រឹមតែនិពន្ធនាយក ចាងហ្វាងស្ថានីយ៍ (វិទ្យុ ឬ ទូរទស្សន៍) ឬ អ្នកដែលទទួលសិទ្ធិអោយចេញផ្សាយតែប៉ុណ្ណោះ ព្រោះបើគ្មានការអនុញ្ញាតពីអ្នកទាំងនេះ គំនិតស្មេរនៅត្រឹមតែលើក្រដាសតែប៉ុណ្ណោះ ។

លោកថា ហេតុនេះ ហើយ បានជាខ្ញុំនិយាយពីរឿងអ្នកកាសែតមិនជាប់ពន្ធនាគារព្រោះការ«សំដែងមតិ» ដោយមិនរាប់បញ្ចូលអ្នកផ្សាយតាមប្រព័ន្ធហ្វេសប៊ុក ព្រោះអ្នកទាំងនេះ បញ្ចេញអត្ថបទដោយខ្លួនឯង ទៅសាធារណជន ដោយមិនមានការទទួលខុសត្រូវរួមណាមួយទេ ដែលទាមទារនូវលិខិតបទដ្ឋានថ្មី ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds