ក្រសួងមហាផ្ទៃ ប្រាប់វិធីការពារគណនី Facebook ពី Hacker
ថ្មីៗនេះ មានគណនី Facebook មួយចំនួនធំត្រូវរងការជ្រៀតចូលប្រើប្រាស់ដោយខុសច្បាប់ពីសំណាក់ជនអនាមិក (Hacker) និងបានប្រើប្រាស់គណនីទាំងនោះទាញយកផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ ឬប្រើប្រាស់ក្នុងការប្រព្រឹត្តិអំពើល្មើសច្បាប់ជាតិផងដែរនោះ ក្រុមការងារនៃនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបង្ហាញវិធីសាស្ត្រមួយចំនួនដូចខាងក្រោម ដើម្បី ការពារ និងបង្កើនសុវត្ថិភាពគណនី Facebook ៖
១. ពិនិត្យមើលនៅត្រង់ចំនុច “Where You’re Logged In” ដើម្បីផ្ទៀងផ្ទាត់ទីតាំងឧបករណ៍កំពុងប្រើប្រាស់គណនី Facebook របស់អ្នក។
២. បើកដំណើរការមុខងារសុវត្ថិភាព “Two-Factor Authentication” ដើម្បីផ្ទៀងផ្ទាត់លេខសម្ងាត់ PIN បន្ថែមលើ Password ដែលអ្នកកំពុងប្រើ នៅពេល Login ពីឧបករណ៍ថ្មីណាមួយ។ លេខសម្ងាត់ PIN របស់មុខងារ “Two-Factor Authentication” អាចភ្ជាប់ជាមួយ Token Key ឬ Authentication App របស់ Google ឬលេខទូរសព្ទ។
៣. ប្រើប្រាស់លេខសម្ងាត់ ដែលមានតួអក្សរ (អក្សរតូច ធំ) លេខ និងនិមិត្តសញ្ញា លើសពី ៨ ខ្ទង់។
៤. បើកមុខងារ “Get alerts about unrecognized logins” ដើម្បីទទួលបានការជូនដំណឹងសុវត្ថិភាពនៅពេលមានការព្យាយាម Login ចូលប្រើប្រាស់គណនី Facebook របស់អ្នក។
៥. ធ្វើការត្រួតពិនិត្យលើមុខងារ “Authorized Logins” ដើម្បីពិនិត្យឧបករណ៍ដែលបាន Login ចូលគណនី Facebook របស់អ្នក និងធ្វើការ Remove ប្រសិនបើគិតថាមិនមែនជាអ្នក (សូមមេត្តាអនុវត្តចំនុចទី២ និងទី៣)។
៦. ប្រើប្រាស់ឈ្មោះពិត ដូចទៅនឹង Passport ឬអត្តសញ្ញាណប័ណ្ណ ដើម្បីងាយស្រួលក្នុងការទាញយកគណនី Facebook មកវិញ ក្នុងករណីត្រូវបានលួចយកទៅប្រើប្រាស់ដោយជនអនាមិក។
៧. រក្សាការសម្ងាត់ នៃលេខទូរសព្ទ និងគណនីអ៊ីម៉ែល ដែលបានតភ្ជាប់ជាមួយគណនី Facebook របស់អ្នក ដោយប្រើប្រាស់មុខងារ “Who should see this?” ហើយជ្រើសរើសយក “Only me” នៅត្រង់មុខងារ “How People Find and Contact You”។
៨. សូមធ្វើការត្រួតពិនិត្យ ឬពិចារណាមុនពេលចុចលើតំណភ្ជាប់ (Link) ដែលគ្មានប្រភពច្បាស់លាស់ ។
៩. សូមមេត្តាប្រុងប្រយ័ត្ន និងគួរជៀសវាងការប្រើប្រាស់គណនី Facebook របស់អ្នក ភ្ជាប់ជាមួយកម្មវិធីផ្សេងៗ (ឧទាហរណ៍៖ កម្មវិធីទស្សន៍ទាយ កម្មវិធីហ្គេម ។ល។) ដែលគ្មានប្រភពច្បាស់លាស់៕
កែសម្រួល៖ ឆ្មាសរ
ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ